ព័ត៌មានជាតិ

អ៉ីតាលី ដាក់ចេញកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើមនុស្សមានអាយុ ៥០ឆ្នាំឡើង ប្រឈមមុខនឹងអូមីក្រុង

(រ៉ូម)៖ ប្រទេសអ៉ីតាលី នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់មនុស្សដែលមានអាយុ៥០ឆ្នាំឡើងទៅ ដើម្បី
ទប់ស្កាត់ការកើនឡើងករណីឆ្លងប្រចាំថ្ងៃ បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។

វិធានការថ្មីខាងលើនឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋាភិបាលអ៉ីតាលីក៏បានដាក់ចេញរួចហើយដែរនូវ កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការលើគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២១មក បុគ្គលិករដ្ឋ ឬក្រុមហ៊ុនមួយចំនួនធំត្រូវតែបង្ហាញ បណ្ណចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ដអវិជ្ជមាន COVID-19 មុននឹងចូលកន្លែងធ្វើការ។ អ្នកដែលមិនអនុវត្តតាមវិធានការនេះ នឹងត្រូវព្យួរការងារដោយមិនមានប្រាក់ខែ តែមិនដល់ថ្នាក់ត្រូវបណ្ដេញចេញនោះទេ។

អ៉ីតាលី កាលពីថ្ងៃពុធសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ១៨៩,១០៩នាក់ និងអ្នកស្លាប់ ២៣១នាក់ ដែលនេះជាតួលេខខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លង រាតត្បាតសកលមួយនេះផ្ទុះឡើងមក៕

ប្រភព៖​​​​​​ Reuters

មតិយោបល់