ព័ត៌មានជាតិ

ចំនួនករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ជាង ៨ពាន់នាក់

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៧ ១២២ ១៦៤នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលករណីឆ្លងថ្មីចំនួន ២៧១ ២០២នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធ។

នេះ គឺជាថ្ងៃទីបួនជាប់ៗគ្នាហើយនៅក្នុងប្រទេសឥណ្ឌាដែលមានករណីឆ្លងថ្មីជាង ២០០ ០០០នាក់ត្រូវបានចុះបញ្ជីក្នុងមួយថ្ងៃ។

ក្រៅពីនេះ មានអ្នកស្លាប់ថ្មីចំនួន ៣១៤នាក់ដោយសារជំងឺរាតត្បាតនេះចាប់តាំងពីព្រឹកថ្ងៃសៅរ៍មក ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៨៦ ០៦៦នាក់។

រហូតមកដល់ពេលនេះ នៅតែមានករណីជំងឺកូវីដ-១៩ សកម្មចំនួន ១ ៥៥០ ៣៧៧នាក់នៅក្នុងប្រទេស។ មនុស្សសរុបចំនួន ៣៥ ០៨៥ ៧២១នាក់ត្រូវបានព្យាបាលដោយជោគជ័យ និងបានចេញពីមន្ទីរពេទ្យ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១៣៨ ៣៣១នាក់ត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងកន្លងមក។

ទន្ទឹមនឹងនេះដែរ ចំនួនករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៧ ៧៤៣នាក់ ជាមួយនឹងការកើនឡើង ២៨,១៧ភាគរយចាប់តាំងពីថ្ងៃសៅរ៍មក។ ភាគច្រើននៃករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Maharashtra រដ្ឋ Rajasthan និងរដ្ឋ Delhi៕

មតិយោបល់