ខេត្តស្ទឹងត្រែង ៖ ផ្កាអង្គាសិល្ប៍ជាប្រភេទដើមរុក្ខជាតិមួយ ភាគច្រើនគេប្រទះឃើញដុះនៅតាមបណ្តោយមាត់អូរ ឬប្រឡាយដែលមានទឹកហូរធម្មជាតិ ឬនៅតាមតំបន់ព្រៃមួយចំនួនទៀត ។
ផ្កានេះរីកនៅចន្លោះមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បន្ទាប់មកវានឹងរុះរោយទៅវិញក្រោយថ្ងៃ ។
ប្រជាជនចិន-វៀតណាម ជាទម្លាប់របស់ខ្លួន តែងជ្រើសរើសដើមផ្កាអង្គាសិល្ប៍មករៀបដាក់តាំងលម្អលំនៅដ្ឋានជានិច្ច តែប្រសិនជាគ្មាន គេអាចជ្រើសរើសផ្កានិមត្តិដាក់តាំងលម្អជំនួស ។
រឿងមួយ ដែលគេលើកមកតំណាល ទាក់ទងទៅនឹងផ្កាអង្គាសិល្ប៍ពោលកាលពីដើមឡើយ មានបងប្អូនបង្កើតពីរតែងកាច់កុងគ្នា ដោយបុរសជាប្អូន តែងរិះរកវិធីឆ្កឹះឆ្កៀលធ្វើយ៉ាងណា អោយបុរសជាបងទទួលរងការឈឺចាប់ ។ លុះថ្ងៃមួយបុរសជាបង បានដើរកាត់មាត់អូរ ក៏ប្រទះឃើញដើមផ្កាអង្គាសិល្ប៍ដោយរីករាយ និងសប្បាយចិត្តអំពីពណ៌និងក្លិននៃផ្កា បុរសនោះបានកាច់ដើមផ្កានោះ យកមកផ្ទះរួចដាក់ក្នុងថូមួយ ។
ក្រោយមក បុរសជាប្អូនបានដឹងថា បុរសជាបងស្រលាញ់ដើមផ្កានោះខ្លាំង រហូតថ្ងៃមួយបុរសជា បង មិននៅផ្ទះ ក៏បានដាំទឹកក្តៅយកទៅស្រោចចូលទៅក្នុងថូដើមផ្កានោះ ក្នុងគោលបំណងបំផ្លាញឱ្យដើមផ្កានោះងាប់ ក្រោយមកបុរសជាបងបានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញផ្កាអង្គាសល្ប៍នោះរីកស្គុះស្គាយសុះសាយ បញ្ចេញពណ៌លឿងក្បុស ពេញដើម ទើបដឹងថាផ្កានោះ រីកស្គុះស្គាយដោយសារប្អូនរបស់ខ្លួនយកទឹកក្តៅទៅចាក់ក្នុងថូ ។
តាំងពីពេលនោះ គេបានប្រសិទ្ធនាមថា ផ្កាអង្គាសិល្ប៍តំណាងឱ្យភាពទៀងត្រង់ស្មោះសបរិសុទ្ធ បើអ្នកណា មានគំនិតអាក្រក់មកលើរូបគេ សូមឱ្យភាពអាក្រក់ទាំងនោះ ប្រែក្លាយជាភាពស្រសបំព្រងចូលមានដល់គ្រួសាររបស់ពួកគេ ។
ហើយដោយសារផ្កានេះរីក ស្របនូវរដូវចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាមពួកគេតែងជ្រើសយកផ្កាអង្គាសិល្ប៍មកតាំងលម្អលំនៅដ្ឋាន រហូតបច្ចុប្បន្ន ។
មតិយោបល់