ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពត៖ បុរស និងស្ត្រី ដែលជាប្តីប្រពន្ធ បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបុក ខណៈពេលកំពុងជិះម៉ូតូឌុបគ្នានៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍ស្រុកដងទង់ បានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ ហ៊ុន មន អាយុ ៥៦ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ អុន ចាន់រិន អាយុ ៥២ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅភូមិ បឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ក្នុងករណីនេះ កាលពីវេលាម៉ោង ២:២០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៨-១១៩ បណ្តាលឱ្យបុរស និងស្ត្រី ដែលជាប្តីប្រពន្ធបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។

មុនពេលកើតគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះស្រាប់តែមានរថយន្ដម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7757 បើកបរដោយជនជាតិចិនឈ្មោះ ស៊ិន បិនជី ភេទប្រុស អាយុ ៣០ឆ្នាំ បុកម៉ូតូពីក្រោយពេញទំហឹង។ ភ្លាមៗនោះអ្នកជិតខាងបានឡោមព័ទ្ធចាប់អ្នកបើកបររថយន្តបង្កទុកជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *