បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Straits Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរប្រទេសសិង្ហបុរីកំពុងពិចារណាលើវិធានការត្រួតពិនិត្យទៅលើធនាគារដ៏ធំមួយដែលអាចចាត់ទុកជាធនាគារធំទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធនាគារនេះត្រូវបានរងការរិះគន់ថា មិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។
ការបោកបញ្ឆោតជាលើកដំបូងបានកើតឡើងនៅដើមខែធ្នូ ឆ្នាំ២០២១ ហើយកាន់តែរីករាលដាលខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ នៅចុងខែធ្នូ អាជ្ញាធរបានរាយការណ៍ថា ការឆបោកបានប៉ះពាល់ដល់អតិថិជនចំនួន ៤៦៩នាក់ និងបាត់បង់ថវិកាជាង ៦,៣លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងការបោកបញ្ឆោតនេះ ជនរងគ្រោះទទួលបានសារ SMS ដែលហាក់ដូចជាមកពីធនាគារ ដែលមិនមានការស្នើសុំ ហើយសូមឱ្យម្ចាស់គណនីចុចលើតំណភ្ជាប់ដើម្បីដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងគណនី។ នៅពេលដែលតំណភ្ជាប់នោះត្រូវបានចុច ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅកាន់គេហទំព័រធនាគារក្លែងក្លាយ ដែលពួកគេផ្តល់ព័ត៌មានលម្អិតអំពីការចូលគណនីរបស់ពួកគេ។ ជនរងគ្រោះមិនបានដឹងថា ពួកគេត្រូវបានគេបោកនោះទេ រហូតដល់ពួកគេទទួលបានការជូនដំណឹងអំពីប្រតិបត្តិការផ្ទេរលុយចេញពីគណនីដោយគ្មានការអនុញ្ញាត។ កាលពីថ្ងៃទី១៩ ខែមករា ធនាគារបានប្រកាសថា អតិថិជនដែលបានរងគ្រោះទាក់ទងនឹងការបោកបញ្ឆោតនេះនឹងទទួលបានប្រាក់ដែលបានបាត់បង់ទាំងអស់មកវិញ។
ដោយមើលឃើញពីហានិភ័យក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើប្រតិបត្តិការអនឡាញ ទើបនាយកដ្ឋានតែងតែធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាក់ទងទៅនឹងបញ្ហាជាមួយគណនីធនាគារ ឬសារដែលទាមទារឱ្យលោកអ្នកផ្ដល់នូវលេខកូដសម្ងាត់ OTP។ ប្រសិនបើលោកអ្នកទទួលបានសារទាំងនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទរបស់ធនាគារផ្ទាល់ ជាងនេះទៅទៀតសូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារ ឬអុីមែល៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់