ព័ត៌មានជាតិ

ច្បាស់ហើយពេលនេះ! ចង់ប្រឡងចូលនគរបាល ឆ្នាំ ២០២២ នេះ លុះត្រាតែគ្មានសាក់នៅ…

តាមរយ:លិខិតចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយ:ពេល ៤ ឆ្នាំ សម្រាប់ឆ្នាំ ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកា្លយជានាយនគរបាល បន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ក្នុងនោះ ចំពោះទីកន្លែងផ្ដល់ពាក្យ និង ទទួលពាក្យ ធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ ១ ចម្ងាយ ២៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំពោះកាលបរិច្ឆេទផ្ដល់ពាក្យចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែកុម្ភ: ឆ្នាំ ២០២២ តាមម៉ោងកំណត់ដូចមានក្នុងតារាងខាងក្រោម។
ដោយឡែក ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ ត្រូវមាន៖

– សញ្ជាតិខ្មែរ

– សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមានតម្លៃស្មើ

– អាយុយ៉ាងច្រើន ២៥ ឆ្នាំ គិតត្រឹមថ្ងៃប្រឡង

– កម្ពស់បុរស ១,៧០ ម៉ែត្រឡើង និង មានទម្ងន់សមមាត្រនឹងកម្ពស់

– កម្ពស់នារី ១,៦០ ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់

– នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)

– មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង

– ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក (បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ)

– ឆ្លងកាត់ការធ្វើតេស្តកាយសម្បទា (ពិនិត្យអវយវ: ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ) មុននឹងផ្តល់ពាក្យសុំប្រឡង៕

មតិយោបល់