ព័ត៌មានជាតិ

រកឃើញ​​​៧ស្ថានីយ​និងដេប៉ូប្រេងឥន្ធនៈ ដាក់លក់មិនមានអនុលោមភាពទាំងផ្នែកបរិមាណ​និងគុណភាព ក្នុងរាជធានីភ្នំពេញ​​!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូ នានាក្នុងរាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យរង្វាស់រង្វាល់របស់បណ្ដាស្ថានីយ/ដេប៉ូលក់ប្រេងផងដែរ។

​លទ្ធផលនៃការត្រួតពិនិត្យស្ថានីយ និងដេប៉ូ ចំនួន​៧ មន្រ្តីជំនាញបានរកឃើញ ៖
– ស្ថានីយ/ដេប៉ូ ចំនួន​១ មិនមានអនុលោមភាពផ្នែកបរិមាណ (មិនគ្រប់លីត្រ)
– ស្ថានីយ/ដេប៉ូ ចំនួន​១ មិនមានអនុលោមភាពផ្នែកគុណភាព (ចំនួនអុកតានទាបជាងបទដ្ឋានកំណត់)
– ស្ថានីយ/ដេប៉ូ ចំនួន​៣ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព​។

ចំពោះតម្លៃលក់រាយ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញស្ថានីយ​១ បានលក់ប្រេងមានតម្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​។
​​ចំពោះស្ថានីយ/ដេប៉ូ ដែលត្រូវបានរកឃើញមានភាពមិនប្រក្រតីខាងលើ មន្រ្តីកាំកុងត្រូលបានតម្រូវឱ្យម្ចាស់ធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ ពុំនោះទេ នៅពេលដែលមន្រ្តីជំនាញរកឃើញកំហុសលើកទី ២ ស្ថានីយ/ដេប៉ូទាំងនោះ នឹងប្រឈមចំពោះការផ្សព្វផ្សាយជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ឬប្រឈមនឹងការផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ហើយក្នុងករណីមិនរាងចាល នឹងប្រឈមចំពោះមុខច្បាប់ជាធរមាន។ (រកឃើញកំហុសលើកទី១ តម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ លើកទី២ ផ្សព្វផ្សាយឈ្មោះស្ថានីយ/ដេប៉ូ ជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ហើយបើរកឃើញកំហុសលើកទី ៣ នឹងរងនូវការបិទអាជីវកម្មជាបណ្តោះអាសន្ន ឬកសាងសំណុំរឿងបញ្ជនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់