ព័ត៌មានជាតិ

កម្ពុជា ត្រៀមនាំចេញត្រីប្រាទៅកាន់ប្រទេសចិន

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២០ខែ មករា ២០២២នេះ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយ:វីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។

ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តន៍កុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ហើយក៏ជាកិច្ចប្រជុំវាយតម្លៃតាមរយ:វីឌីអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន ។ប្រការនេះបានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទ:និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំ ចេញ កសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។

យោងតាមការរៀបចំកិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយ:ពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ខែមករាខាងមុខ នេះ។ មន្រ្តីតំណាងស្ថានទូតចិន ប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងដំណើរការទាំងស្រុង។ សូមបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មផ្សេងៗ។ ក្នុងនោះកម្ពុជា មានកសិផលជាច្រើន ដែលបាននាំ ចេញទៅប្រទេសចិន ដោយផ្ទាល់មានដូចជា ចេក ស្វាយ កៅស៊ូជាដើម។ ចំណែកផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញទៅចិនដោយផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់