បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន៣០ម៉ឺនដូស ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានលើកពេលទៅថ្ងៃទី២៦ ខែមករា វិញ។
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមករា នេះថា ការលើកពេលនេះ ដោយសារតែការធ្លាក់ព្រិលនៅប្រទេសប៉ូឡូញ បណ្តាលឱ្យយន្តហោះមិនអាចហោះហើរបាន។
សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ គឺជាប្រទេសទី៧ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់ ជាដើម៕
មតិយោបល់