(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភជាខ្លាំងជុំវិញការបង្កើនការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ របស់កូរ៉េខាងជើង ដ្បិតវាអាចនឹងនាំទៅរក
ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។
ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើអាមេរិកមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដែរឬក៏យ៉ាងណា? មន្ត្រីរូបនេះដដែលបានបញ្ជាក់ថា «ជាការពិតណាស់, យើងពិតជាមានការព្រួយបារម្ភ… ហើយយើងមិនចង់ឃើញការធ្វើតេស្ដរបៀបនេះទៀតទេ ដូច្នេះយើងអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដទាំងនេះតទៅទៀត»។
កូរ៉េខាងជើង នៅថ្ងៃចន្ទនេះដែរ បានចេញមុខអះអាងថាមីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM) ហើយក៏ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដជាលើកដំបូង បំផុតផងដែរចាប់តាំងពីឆ្នាំ២០១៧មក និងជាលើកទី៧ នៅក្នុងខែមករានេះ។
បើតាមយោធាកូរ៉េខាងត្បូងមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងនៅម៉ោង ៧៖៥២នាទី ថ្ងៃអាទិត្យម្សិលមិញ ចេញពីខេត្តចាហ្គំាង (Jagang) ឆ្ពោះទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតនៃប្រទេស។
ដោយឡែក បើតាមនាយកខុទ្ទការល័យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno មីស៊ីលដែលកូរ៉េខាងជើងបានតេស្ដ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា បានហោះដល់រយៈកម្ពស់ ២,០០០គីឡូម៉ែត្រ និងហោះបានរយៈពេល៣០នាទី ព្រមទាំងធ្លាក់នៅ ចម្ងាយ ៨០០គីឡូម៉ែត្រ ពីទីតាំងបាញ់ចេញ៕
ប្រភព៖ Reuters
មតិយោបល់