(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន។
កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។
ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ ដែលនេះធ្វើឱ្យចិន និងរុស្ស៊ី មិនបានលើកសំណើរបស់ពួកគេទៅកាន់ ការបោះឆ្នោតអនុម័តឡើយ។ នៅក្នុងបរិបទដែលរុស្ស៊ី និងចិន រិះគន់ការដាក់ទណ្ឌកម្ម ដែលពួកគេយល់ថាបានធ្វើឱ្យស្ថានភាពមនុស្សធម៌ នៅកូរ៉េខាងជើងកាន់តែ មានសភាពអាក្រក់ឡើង។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានលើកឡើងថា «យើងអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសុខមាលភាពប្រជាជនរបស់ខ្លួន តាមរយៈការគោរពសិទ្ធិមនុស្ស, បញ្ឈប់ការចំណាយលុយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគខុសច្បាប់។ កូរ៉េខាងជើងគួរតែផ្តោតជាអាទិភាពលើតម្រូវការចាំបាច់នៃ ប្រជាជនរបស់ខ្លួន ជាពិសេសគឺប្រជាជនកូរ៉េខាងជើងងាយរងគ្រោះ»៕
ប្រភព៖ Reuters
មតិយោបល់