ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២-ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង»ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅផ្ទាល់របស់ខ្លួន ដែលមានអាយុពី៣ ដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈដែលចំនួនកុមារអាយុក្រោម៥ឆ្នាំមានប្រមាណជាង២៥ភាគរយបានទទួលរងនូវជំងឺនេះ។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននេះបន្តិច សម្ដេចបានចុះហត្ថលេខាលើសារាចរណែនាំ និងធ្វើសេចក្ដីសម្រេចទាក់ទិនជាមួយនឹងដំណើរការនៃការគ្រប់គ្រងថែទាំ ទប់ស្កាត់ទៅនឹងមេរោគបំប្លែងថ្មី «អូមីក្រុង» ដែលក្នុងនោះ មានការសម្រេចចិត្តដ៏សំខាន់មួយ គឺចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំទៅដល់៥ឆ្នាំ។ សម្ដេចតេជោថ្លែងថា មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្ដើមពី«អូមីក្រុង» បានរុករានមកក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជាង ២៥ភាគរយដែលទទួលរងនូវជំងឺនេះ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់វ៉ាក់សាំងឱ្យកុមារដែលមានអាយុពី ៣ ទៅដល់ ៥ឆ្នាំ ដោយឡែកកុមារអាយុពី ៥ឆ្នាំឡើងលើ យើងបានចាក់រួចហើយ។ ជាបន្តទៅទៀតនេះ មានភាពចាំបាច់ដើម្បីនឹងការពារកុមាររបស់យើង កុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មី អូមីក្រុង គឺកូវីដ១៩នេះឯង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះយើងគ្មានជម្រើសណាល្អជាងចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំនោះទេ ដែលនៅទូទាំងប្រទេសយើងប៉ាន់ស្មាននៅក្នុងតួលេខជំរឿន មានប្រមាណជា ៧០ម៉ឺននាក់។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវចំពោះមាតាបិតា អាណាព្យាបាល សូមនាំកូនចៅផ្ទាល់របស់ខ្លួន ដែលមានអាយុពី ៣ ទៅដល់៥ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន។សម្ដេចតេជោក៏បានស្នើឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជា មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលការចាក់វ៉ាក់សាំងឱ្យកុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំនេះ ឱ្យបានឆាប់ ហើយធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង។ សម្ដេចតេជោបានលើកឡើងថា បងៗរបស់ពួកគេបានទទួលវ៉ាក់សាំងរួចស្រេចទៅហើយ គឺចៅៗដែលមានអាយុ៥ឆ្នាំឡើងលើ ប៉ុន្តែឥឡូវដល់ពេលដែលត្រូវតែចាក់សម្រាប់កុមារអាយុ ៣ឆ្នាំ ទៅ៥ឆ្នាំ ដើម្បីបញ្ចៀសនូវហានិភ័យដែលកើតឡើងសម្រាប់កុមាររបស់យើង។ ជាថ្មីម្ដងទៀត សម្ដេចតេជោ ក៏បានអំពាវនាវចំពោះចំពោះមាតាបិតា អាណាព្យាបាលទាំអស់ យកកូនចៅទៅចាក់វ៉ាក់សាំង នៅតាមទីកន្លែងដែលរៀបចំដោយផ្នែកសុខាភិបាល ហើយសង្ឃឹមថា កុមាររបស់យើង នឹងចៀសផុតពីគ្រោះមហន្តរាយនៃបញ្ហាសុខភាព ដែលវាបានបង្កឡើងមានប្រមាណជា២០ ទៅ ២៥ភាគរយនៃក្រុមកុមារដែលមានអាយុក្រោម ២៥ឆ្នាំ រហូតទៅដល់មានការប្រើម៉ាស៊ីនជំនួយដកដង្ហើមផងដែរ។ ដូច្នេះវ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថាពួកគេគឺទទួលភាពស៊ាំ ហើយនឹងមិនមានការឆ្លងជំងឺ ប្រសិនបើមានការឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរ រហូតដល់អន្តរាយអាយុជីវិតផងដែរ។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្ដែងនូវការ ជឿជាក់ថា ដោយមានបទពិសោធន៍រួចស្រេចទៅហើយនោះ គឺគ្រប់ផ្នែកគ្រប់ថ្នាក់ ជាពិសេសគឺប្រជាជន និងកុមាររបស់យើង ទទួលបាននូវវ៉ាក់សាំងពេញលេញ សម្រាប់ពីរដូសដំបូងប្រកបដោយសុវត្ថិភាព៕
មតិយោបល់