ព័ត៌មានជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ១០០,០០០នាក់ ខណៈកំពុងប្រយុទ្ធជាមួយអូមីក្រុង

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 លើស ១០០,០០០នាក់ ជាលើកដំបូង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។

អ្នកឆ្លង COVID-19 ចំនួន ១០៩,៨៣១នាក់ ត្រូវបានរាយការណ៍កាលពីពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ធ្វើឱ្យចំនួនអ្នកឆ្លងទូទាំង ប្រទេសកូរ៉េខាងត្បូង កើនដល់១,៧៥៥,៨០៩នាក់។ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ៤៥នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ មួយនេះកើនដល់ ៧,២៨៣នាក់។

តែទោះជាយ៉ាងនេះក្ដី នៅថ្ងៃសុក្រនេះដែរ, អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថាពួកគេនឹងបន្ធូរបន្ថយវិធានការបម្រាមគោចរបន្តិចម្ដងៗសម្រាប់ អាជីវកម្ម ឬហាងទំនិញនានា ប៉ុន្តែនឹងបន្តអនុវត្តវិធានការមួយចំនួនដូចជាការកំណត់ការជួបជុំត្រឹមមនុស្ស៦នាក់, ការធ្វើចត្តាឡីស័ក៧ថ្ងៃ សម្រាប់អ្នកដំណើរបរទេស និងកាតព្វកិច្ចពាក់ម៉ាស ក៏ដូចជាការបង្ហាញបណ្ណចាក់វ៉ាក់សាំង នៅតាមទីសាធារណៈជាដើម៕

ប្រភព៖​​​​​​ Reuters

មតិយោបល់