ព័ត៌មានជាតិ

លោក ពូទីន ចេញបញ្ជាឱ្យកងទ័ព ចូលទៅក្នុងតំបន់គ្រប់គ្រងដោយ ក្រុមឧទ្ទាមរណបរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាព។

ការសម្រេចខាងលើរបស់លោក ពូទីន កើតមានឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកចុះហត្ថលេខាលើ ក្រឹត្យមួយ ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ផ្តាច់ ខ្លួនទាំងពីរ របស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើបទបញ្ជារបស់លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីដឹកនាំការ ធ្វើបេសកកម្មរក្សាសន្តិភាពនេះ គឺជាសកម្មភាពឈ្លានពានដូចដែលបណ្ដាមេដឹកនាំលោកខាងលិចបានព្រមាន អស់ជាច្រើនសប្ដាហ៍មកនេះ ឬក៏យ៉ាងណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់ កងទ័ពរុស្ស៊ីក្នុងតំបន់ Donbass មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹងបន្តតាមដាន រហូតដល់រថក្រោះធ្វើសកម្មភាព»។

បើតាមសេតវិមាន លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកទាំងអស់ ក្នុងការធ្វើវិនិយោគ, ពាណិជ្ជកម្ម និងហិរញ្ញវត្ថុទៅ និងមក នៅក្នុងតំបន់កាន់កាប់របស់ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ឬហៅថា DNR and LNR៕

ប្រភព៖​​​​​​ Reuters

មតិយោបល់