ភ្នំពេញ៖ ប្រជាពលរដ្ឋ អះអាងថា ឱសថស្ថានមួយចំនួន លក់ថ្នាំព្យាបាលជំងឺកូវីដ១៩ លើសតម្លៃកំណត់របស់ក្រសួង ទោះបីជាការចុះត្រួតពិនិត្យពីមន្រ្តីជំនាញសុខាភិបាល និងមានការលើកឡើងដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីយ៉ាងណាក្ដី។
នៅរសៀលថ្ងៃពុធទី២៣ ខែកុម្ភៈ ម្សិលម៉ិញនេះ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានចុះណែនាំម្ចាស់ឱសថស្ថានឱ្យលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល តាមតម្លៃកំណត់ និងស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន ក្នុងភូមិសាស្រ្តមួយចំនួន នៅរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យបណ្ដាឱសថស្ថានត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តិ និងមិនត្រូវកេងចំណេញលក់ដំឡើងថ្លៃហួសហេតុនោះទេ។ លោកជំទាវ បញ្ជាក់ថា អ្នកប្រព្រឹត្តិល្មើសពីច្បាប់គ្រប់គ្រងឱសថរបស់ព្រះរាជាណាចក្រកម្ពុជា គឺត្រូវទទួលទោសតាមច្បាប់ដែលមានជាធរមាន ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេច នាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចំពោះថ្នាំព្យាបាលក្លែងក្លាយ និងឱកាសរបស់ឱសថស្ថានមួយចំនួន បានដំឡើងថ្លៃថ្នាំហួសហេតុ ខណៈតម្រូវការមានការកើនឡើងក្នុងកាលទសៈនេះ។
ពាក់ព័ន្ធនឹងការកំណត់តម្លៃថ្នាំព្យាបាលកូវីដ១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាក្រសួងដែលបានដាក់លក់ថ្នាំព្យាបាលកូវីដ-១៩ Molnatris ជូនប្រជាពលរដ្ឋ និងបណ្ដាឱសថស្ថានឯកជន លក់ក្នុងតម្លៃ ៥៥ដុល្លារតែប៉ុណ្ណោះ។ ក្រសួង ក៏បានកំណត់ឱ្យបណ្ដាឱសថស្ថានត្រូវលក់ថ្នាំព្យាបាលនេះបន្ត មិនឱ្យលើសពី ៦៥ដុល្លារ ក្នុងមួយដូសនោះទេ។
យ៉ាងណាក៏ដោយចុះ ទោះមានការចុះត្រួតពិនិត្យពីមន្រ្តីជំនាញក្រសួងសុខាភិបាល និងមានការកំណត់ថ្លៃពីក្រសួងប្រៃសណីយ៍យ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋមួយចំនួន អះអាងថា ឱសថស្ថានមួយចំនួនក្នុងរាជធានីភ្នំពេញ លក់ក្នុងតម្លៃខ្ពស់ដល់ ៨៥ដុល្លារក្នុងមួយដូស ខ្ពស់ជាងតម្លៃកំណត់របស់ក្រសួង។
បច្ចុប្បន្ន ប្រជាពលរដ្ឋ ទិញថ្នាំព្យាបាលកូវីដ១៩ ពីក្រសួប្រៃសណីយ៍ ដោយមានការតម្រង់ជួររង់ចាំទិញជាច្រើនរៀងរាល់ថ្ងៃ។ ពាក់ព័ន្ធនឹងការលក់លើសតម្លៃកំណត់ ៦៥ដុល្លារ នៅតាមឱសថស្ថានខាងក្រៅនេះ មន្រ្តីមួយរូបនៅក្រសួងប្រៃសណីយ៍ ដែលសុំមិនបង្ហាញអត្តសញ្ញាណ បញ្ជាក់ថា ក្រសួងនឹងមានមន្រ្តីជំនាញចត្រួតពិនិត្យផងដែរ ក្នុងករណីរកឃើញ គឺនឹងមានការរឹបអូសថ្នាំព្យាបាលកូវីដទាំងនោះ៕
មតិយោបល់