ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្តីថ្លែងការណ៍ផ្ទុយពីការពិតនានា មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការហួសចិត្តបំផុត ចំពោះការបញ្ចេញព័ត៌មាន និងសេចក្តីថ្លែងការណ៍នានា ចោទប្រកាន់មកលើអាជ្ញាធរថា បានប្រើអំពើហិង្សា រួមនឹងការបៀតបៀនផ្លូវភេទ ទៅលើស្រ្តីជាក្រុមបាតុករ, រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្តីថ្លែងការណ៍ផ្ទុយពីការពិតនានា ងាកមកធ្វើសកម្មភាពស្របតាមវិជ្ជាជីវៈ លក្ខន្តិកៈ ហើយបញ្ឈប់ជាបន្ទាន់ការចេញផ្សាយនានានូវព័ត៌មានគ្មានតុល្យភាព មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ក៏ដូចជាការចេញសេចក្តីថ្លែងការណ៍ផ្សេងៗ ចោទប្រកាន់មកលើសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ ថាបានប្រើប្រាស់ស្តង់ដារ ពីរចំពោះការអនុវត្តវិធានសុខាភិបាល ទៅលើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ព្រមទាំងចោទប្រកាន់ថា បានបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុមបាតុករ និងការចោទប្រកាន់ផ្សេងៗទៀត។

ដើម្បីចៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំ តាមការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាសេចក្តីថ្លែងការណ៍ ដែលមិនឆ្លុះបញ្ចាំងអំពីការពិត តថភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងផ្សេង ដើម្បីកេងចំណេញពីការអនុវត្តវិធានសុខាភិបាល ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើក្រុមបាតុករ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ថា កន្លងមកការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំមិនថាយប់ថ្ងៃ មិនគិតពីការនឿយហត់ ចាត់វិធានការគ្រប់បែបយ៉ាង មានទាំងវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹង និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ដោយកម្រឈានដល់ការប្រើប្រាស់វិធានការច្បាប់។ ជាក់ស្តែងក្នុងកំឡុងពេលបិទខ្ទប់តំបន់មួយចំនួន ក៏ដូចជាភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានចាត់វិធានការច្បាប់ដោយមិនលំអៀងធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះជនមួយក្តាប់តូច ដែលពុំបានចូលរួមអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវផងដែរ។

ចំពោះករណី ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលបានធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈអស់រយៈពេល ៤៧ថ្ងៃ បង្កនូវភាពអសន្តិសុខ អសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយសាធារណៈ បង្កការកកស្ទះចរាចរណ៍ ព្រមទាំងរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានព្យាយាមពន្យល់ អប់រំ ណែនាំ ដើម្បីឱ្យក្រុមបាតុករមានការភ្ញាក់រលឹក បញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់ ដោយពុំបានចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់ភ្លាមៗនោះទេ។ រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញស្រ្តីម្នាក់ជាក្រុមបាតុករមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ហើយតម្រូវឱ្យបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩នៅតំបន់កោះពេជ្រ។
ទោះបីជាបាតុករមួយចំនួន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករនៅតែព្យាយាមលាក់បាំងព័ត៌មានអំពីសមាជិកខ្លួន ហើយរឹងរូសមិនព្រមចូលរួមយកសំណាកតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេដឹកនាំចំនួន ០៤នាក់ ដែលបានញុះញង់មិនឱ្យក្រុមបាតុករទៅយកសំណាក ទើបនៅថ្ងៃទី៥-៦-៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករចំនួន ៨៧៩នាក់ បានទៅយកសំណាកនៅកោះពេជ្រ ក្នុងនោះមានចំនួន ៤១នាក់ រកឃើញថាមានវិជ្ជមានកូវីដ-១៩ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក និងយកសំណាកលើកទីពីរ។ ប៉ុន្តែការយកសំណាកលើកទីពីរ មានក្រុមបាតុករចំនួនតែ ៥៥៧នាក់ប៉ុណ្ណោះ បានចូលរួមយកសំណាក ហើយក្នុងនោះបានរកឃើញវិជ្ជមានចំនួន ៧២នាក់។

នៅសល់ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត មិនទាន់បានយកសំណាកលើកទីពីរ ស្រាប់តែក្រុមបាតុករបានធ្វើការប្រមូលផ្តុំសារជាថ្មី ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការសុខាភិបាលបន្តទៀត។ ត្រង់ចំណុចនេះ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការទាន់ពេលវេលានោះទេ ម្ល៉េះក្រុមបាតុករទាំងអស់គ្នានឹងមានវិជ្ជមានកូវីដ-១៩ សមាជិកក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ តើនឹងឆ្លងដល់កម្រិតណា? នេះជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ទាំងមូលដែលតម្រូវឱ្យចាត់វិធានការសុខាភិបាលថែមទៀត ព្រោះការយកសំណាកលើកទីពីរនៅតែរកឃើញមានករណីវិជ្ជមាន។

ចំពោះការអញ្ជើញក្រុមបាតុករទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់ក្នុងជួរបាតុករទាំងនោះ។ នេះសរបញ្ជាក់ឱ្យឃើញថា ក្រុមបាតុករទាំងនោះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យនោះទេ។
ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការជាបន្តបន្ទាប់រហូតធានាបានថា ក្រុមបាតុករទាំងអស់នោះពុំមានករណីវិជ្ជមានកូវីដ-១៩ ទើបអនុញ្ញាតឱ្យមានការប្រមូលផ្តុំនៅតាមទីសាធារណៈ ស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលផ្សេងទៀតដែលបានដាក់ចេញ។

រឿងដែលគួរឱ្យហួសចិត្តបំផុតនោះ គឺការខិតខំបញ្ចេញព័ត៌មាន និងសេចក្តីថ្លែងការណ៍នានាចោទប្រកាន់មកលើអាជ្ញាធរថាបានប្រើអំពើហិង្សា រួមនឹងការបៀតបៀនផ្លូវភេទទៅលើស្រ្តីជាក្រុមបាតុករ។ តើវាអាចទៅរួចដែរឬទេ ដែលថាអាជ្ញាធរអាចប្រព្រឹត្តនូវទង្វើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់ដែលមានកាមេរ៉ាទូរស័ព្ទគ្រប់ដៃ ក៏ដូចជាសមត្ថកិច្ចដទៃទៀតដែលកំពុងបំពេញភារកិច្ចនៅតាមទីសាធារណៈនោះ? ករណីនេះ ត្រូវតែមានភស្តុតាងច្បាស់លាស់ ដើម្បីមានមូលដ្ឋានចាត់វិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុស ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។

ត្រង់ចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញចង់បញ្ជាក់បន្ថែមទៀតថា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អាជ្ញាធរនៅតែបន្តអត់ធ្មត់គ្រប់បែបយ៉ាង ដោយគ្មានការតបត ទោះបីជាក្រុមបាតុករបានប្រើប្រាស់ពាក្យសំដីមិនគួរគប្បី អាកប្បកិរិយាមិនសមរម្យ ថតរូបភាពខុសពីការពិតបង្ហោះចោទប្រកាន់មកលើអាជ្ញាធរក៏ដោយ ជាក់ស្តែងក្រុមគ្រូពេទ្យបានព្យាយាមអង្វរក រហូតដល់លត់ជង្គង់ស្នើសុំឱ្យក្រុមបាតុករយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ក៏សុខចិត្តធ្វើដែរ ធ្វើយ៉ាងណាឱ្យតែទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្តីថ្លែងការណ៍ផ្ទុយពីការពិតនានា ងាកមកធ្វើសកម្មភាពស្របតាមវិជ្ជាជីវៈ លក្ខន្តិកៈ ហើយបញ្ឈប់ជាបន្ទាន់ការចេញផ្សាយនានានូវព័ត៌មានគ្មានតុល្យភាព មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម ក្រោមការរៀបរៀងដោយអ្នកដឹកនាំរឿងដដែលៗ ដែលរង់ចាំតែកេងប្រវ័ញ្ចពីព្រឹត្តិការណ៍នានាដោយគ្មានការពិត ក្នុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលកំពុងបំពេញកិច្ចការយ៉ាងសស្រាកសស្រាំប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញ ជឿជាក់យ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងមិនជឿលើការផ្សព្វផ្សាយព័ត៌មានអកុសល គ្មានការពិត បែបញុះញង់ បង្កអស្ថិរភាព ហើយបន្តក្តាប់ព័ត៌មានពិតពីការផ្សាយប្រកបដោយវិជ្ជាជីវៈ និងព័ត៌មាននានាចេញដោយអាជ្ញាធរមានសមត្ថកិច្ច៕

មតិយោបល់