(វ៉ាសូវី)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក យ៉ារ៉ូស្ល កាហ្ស៉ីនស្គី (Jaroslaw Kaczynski) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីក វត្តមានកងទ័ពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប ដោយដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមបណ្ដោយព្រំដែននៃប្រទេសរុស្ស៉ី ហើយបើអាចទៅ រួចគឺដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញតែម្ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។
លោក Kaczynski ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយកាសែតអាល្លឺម៉ង់ វែល អាំ សុនថាគ (Welt am Sonntag)។ ថ្លែងនាឱកាសនោះ លោកបបញ្ជាក់ដូច្នេះថា «ប៉ូឡូញនឹងស្វាគមន៍ ប្រសិនបើកងទ័ពអាមេរិក បង្កើនវត្តមានរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុបពីចំនួន ១០០,០០០នាក់ នាពេលច្ចុប្បន្ន ដល់ ១៥០,០០០នាក់នាពេលអនាគត ដោយសារតែការកើនឡើងនៃការឈ្លានពានរបស់រុស្ស៉ី»។
លោក Kaczynski បានបន្ថែមថា កងទ័ពអាមេរិក ៧៥,០០០នាក់នៅក្នុងទ្វីបអឺរ៉ុបគួរតែឈរជើងជាអចិន្ត្រៃយ៍ នៅតាមបណ្ដោយព្រំដែន នៃតំបន់អឺរ៉ុបខាងកើតរបស់អង្គការណាតូ (NATO) ជាប់ព្រំដែនរុស្ស៊ី។ បើតាមលោក Kaczynski, ប៉ូឡូញក៏នឹង «បើកចំហ» ចំពោះវត្តមាន អាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយនៅតាមព្រំដែនរបស់ខ្លួនផងដែរ៕
ប្រភព៖ RT
មតិយោបល់