(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថាលោកបានប្ដេជ្ញាចិត្តបន្តស្វែងរក សន្តិភាព បើទោះជាមានការព្រមានថាកងទ័ពរុស្ស៉ីកំពុងត្រៀមខ្លួនបើកការវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសក៏ដោយ។
ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីមនុស្សយ៉ាងហោច ៥២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើ ស្ថានីយរថភ្លើងមួយស្ថិតក្នុងទីក្រុង ក្រាម៉ាទ័ស (Kramatorsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។
ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន AP លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់ចង់ចរចាជាមួយមនុស្សម្នាក់ដែល បានធ្វើទារុណកម្មលើប្រជាជាតិមួយនេះនោះទេ ហើយក្នុងនាមជាបុរសម្នាក់ និងជាឪពុកម្នាក់ ខ្ញុំយល់ពីរឿងនេះយ៉ាងច្បាស់។ ប៉ុន្តែខ្ញុំមិនចង់ បាត់បង់ឱកាសនោះទេ ប្រសិនបើយើងមានឱកាសស្វែងរកដំណោះស្រាយការទូត»។
ជាមួយការប្ដេជ្ញាចិត្តស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម, លោក ហ្សេលេនស្គី ក៏បានទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធ បន្ថែមមកឱ្យអ៊ុយក្រែនផងដែរ នៅចំពោះមុខការព្រមានថាកងទ័ពរុស្ស៉ីកំពុងប្រមូលផ្ដុំកម្លាំងត្រៀមវាយលុកតំបន់ភាគខាងកើតនៃប្រទេស អ៊ុយក្រែន៕
ប្រភព៖ Al jazeera
មតិយោបល់