ព័ត៌មានជាតិ

លោក ពូទីន ព្រមានជាថ្មីថានឹងប្រើកម្លាំងយោធា បើ NATO ធ្វើអន្តរាគមន៍នៅអ៊ុយក្រែន

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជាថ្មីថាប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង សង្រ្គាមអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។

ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ដោយចង់សំដៅលើមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណ:យើងបានសម្រេចចិត្ត រួចរាល់ហើយលើបញ្ហានេះ»។

គួរបញ្ជាក់ថា នៅចំពោះមុខសង្រ្គាមដំណាក់កាលទី២ ដែលរុស្ស៉ីកំពុងវាយលុកលើតំបន់ដុនបាស់, ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញពីក្ដីបារម្ភជា បន្តបន្ទាប់ថាលោក ពូទីន អាចនឹងប្រើប្រាស់អាវុធគីមី និងអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ប្រសិនបើយោធារុស្ស៉ីនៅតែបរាជ័យមិនអាចគ្រប់គ្រង តំបន់ដុនបាស់បានទេនោះ៕

ប្រភព៖ Al Jazeera

មតិយោបល់