ព័ត៌មានជាតិ

លោក ពូទីន និងលោក ហ្សេលេនស្គី ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូណេស៊ីបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅក្នុងខែវិច្ឆិកាខាងមុខ។

លោក វីដូដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទម្រង់និម្មិតមួយថា «ប្រទេសឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ប្រទេសឥណ្ឌូណេស៊ីចង់បង្រួបបង្រួមក្រុមប្រទេស G20 កុំឱ្យមានការបែកបាក់គ្នា។ សន្តិភាព និងស្ថេរភាព គឺជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក»។

លោកបាននិយាយថា ក្រុមប្រទេស G20 ដើរតួនាទីជាកាតាលីករក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដោយលោកបាននិយាយបន្ថែមថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសរុស្ស៊ី និងមេដឹកនាំប្រទេសអ៊ុយក្រែណនៅក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក វីដូដូ និងលោក ពូទីន បានពិភាក្សាគ្នាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-ឥណ្ឌូណេស៊ី និងទិដ្ឋភាពផ្សេងៗនៃសកម្មភាពរបស់ក្រុមប្រទេស G20 នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ។

នៅក្នុងកិច្ចសន្ទនាជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃពុធ លោក វីដូដូ បានបដិសេធចំពោះសំណើសុំសព្វាវុធពីប្រធានាធិបតីអ៊ុយក្រែន ដោយលោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌៕

 

មតិយោបល់