(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា បច្ចុប្បន្នជំងឺអុតស្វា ឬ Monkeypox បានផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោក ក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះក្នុងប្រទេសដែលមិនធ្លាប់ រកឃើញពីមុនមក។
បើតាមសេចក្តីថ្លែងការណ៍របស់ WHO, « ហានិភ័យសុខភាពសាធារណៈអាចនឹងកើនឡើងខ្ពស់ ប្រសិនបើមេរោគនេះវិវឌ្ឍន៍ទៅជាភ្នាក់ងារបង្ករោគ របស់មនុស្ស និងរាលដាលដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ដូចជាកុមារតូចៗ និងអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ករណីឆ្លងជំងឺអុតស្វាសរុបមានចំនួន ២៥៧ករណី និងករណីសង្ស័យចំនួន១២០ ដែលត្រូវបានរកឃើញក្នុងប្រទេស និងរដ្ឋជាសមាជិកចំនួន២៣ ជាទីដែលមិនធ្លាប់មានករណីជំងឺនេះកើតឡើង។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ការលេចឡើងភ្លាមៗនៃជំងឺអុតស្វាក្នុងពេលតែមួយ នៅប្រទេសមិនធ្លាប់មាន គឺបង្ហាញថាមានករណីឆ្លងដែលយើងមិនបានដឹង ឬអាចមានការរាលដាលថ្មីថែមទៀត។ តែ ការរក្សាអនាម័យជាប្រចាំនៅតែ ជាវិធានការការពារដ៏ប្រសើរបំផុត៕
ប្រភព៖ Reuters




មតិយោបល់