ព័ត៌មានជាតិ

អ៉ីរ៉ង់ ធ្វើតេស្ដបាញ់បង្ហោះរ៉ុក្កែត Zuljanah ជាលើកទី២

(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះរ៉ុក្កែតអវកាសឈ្មោះ ហ្សុលចាណាស់ (Zuljanah) ដោយបង្កការខឹងសម្បារដល់ទីក្រុងវ៉ាស៊ីនតោន ខណ:មានការរំពឹងថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងចាប់ផ្ដើមឡើងវិញឆាប់ៗនេះ។

ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ឺរ៉ង់ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ជាក់ទៀតថា នេះគឺជាលើកទី២ហើយ ដែលតេហេរ៉ង់ធ្វើតេស្ដរ៉ុក្កែតអវកាស Zuljanah ក្រោយការធ្វើតេស្ដលើកដំបូងកាលពីឆ្នាំ២០២១។ ប៉ុន្តែ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មិនបានបញ្ជាក់ថាការធ្វើតេស្ដលើកទី២នេះធ្វើឡើង នៅពេលណា, នៅទីកន្លែងណា ឬក៏ទទួលបានជោគជ័យ ដែរឬក៏យ៉ាងនោះទេ។ ចំណែកឯ ខាងសេតវិមានបានចាត់ទុកថាការធ្វើតេស្ដនេះជា សកម្មភាពបង្កអស្ថិរភាពក្នុងតំបន់។

Zuljanah គឺជាគ្រាប់រ៉ុក្កែតមានប្រវែងបណ្ដោយ ២៥.៥ម៉ែត្រ និងមានសមត្ថភាពពាំផ្កាយរណបមួយមានទម្ងន់ ២២០គីឡូក្រាម ដែលអាចប្រមូលទិន្នន័យនៅក្នុងគន្លងទាបនៃផែនដី។ អ៉ីរ៉ង់តែងហៅការធ្វើតេស្ដរបស់ខ្លួនជាការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ប៉ុន្តែ សហរដ្ឋអាមេរិកបានចោទប្រកាន់ថាការធ្វើតេស្ដគ្រាប់រ៉ុក្កែតរបស់អ៉ីរ៉ង់ ជាការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោងអន្តរទ្វីប៕

ប្រភព៖ Reuters

មតិយោបល់