ព័ត៌មានជាតិ

កូរ៉េខាងត្បូង ព្រមានសងសឹក ក្នុងករណីមានការបង្កហេតុពីសំណាក់កូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណ:ធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។

នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។ បើតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង, លោក យូន បាននិយាយថា «សមត្ថភាពយោរបស់ប្រទេសគួរតែត្រៀមទុកជាមុន ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ខណ:ភាពមិនប្រាកដប្រជាផ្នែកសន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៉ីប៉ែកឦសានដែលកំពុងកើនឡើងជាងពេលណាៗទាំងអស់»។

ក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ខាងក្រៅកិច្ចប្រជុំកំពូល NATO នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន លោក យូន បានយល់ព្រមជាមួយមេដឹកនាំទាំងពីរ ក្នុងស្វែងរកមធ្យោបាយ បន្ថែមដើម្បីពង្រឹងសមត្ថភាពកំញើញ ប្រឆាំងកូរ៉េខាងជើង៕

ប្រភព៖​​​​​​ Reuters

មតិយោបល់