ព័ត៌មានជាតិ

បង្ខំចិត្តបាញ់ចោរជើងចាស់បាក់ភ្លៅ ខណៈដែលជនសង្ស័យបម្រុងរត់គេចខ្លួន

បាត់ដំបង: ជនសង្ស័យម្នាក់ ដែលជាចោរជើងចាស់តែងតែធ្វើសកម្មភាពកាច់សោម៉ូតូប្រជាពលរដ្ឋរាប់មិនអស់ ត្រូវបានកម្លាំងសមត្ថកិច្ច ដាក់កម្លាំង​ឃ្លាំ​ចាំរហូតទើបប្រទះ ខណ:ដែលគេកំពុងធ្វើសកម្មភាពជាក់ស្តែង និងមានបំណងរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចសម្រេចចិត្តបាញ់តែម្តងរហូត​ធ្វើឲ្យជនសង្ស័យអស់​លក្ខ័ លែងរត់ទៅណារួច ដោយសារបាក់ភ្លៅម្ខាង ។

គួរបញ្ជាក់ផងដែរថា កន្លងមកមានការកាច់សោម៉ូតូជាញឹកញាប់នៅកណ្តាលក្រុងបាត់ដំបង ពិសេសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។ ក្រោយពីមានបទបញ្ជាពីលោក​ឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្ត ក៏ដូចជាលោកឧត្តមសេនីយ៍ ប៉ោ វណ្ណ: មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួចមក កម្លាំងទាំងពីរប្រភេទបានសហ​ការគ្នា​ក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ ស្នងការរង ជេត វណ្ណនី បានដាក់ពង្រាយកម្លាំងតាមបណ្តារ គោលដៅសំខាន់ៗ ក្នុងក្រុងបាត់ដំបងទាំងមូល ដើម្បីពិនិត្យ និងតាមដានរាល់ សកម្មភាពរបស់មុខសញ្ញាទាំងនេះ ។

រហូតដល់វេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថក្រុងចំនួន ១០ នាក់ បានចុះសហការ ជាមួយកម្លាំង នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការដោយបានដាក់ការត្រួតពិនិត្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ក៏បានប្រទះឃើញមុខសញ្ញាកំពុង​ធ្វើសកម្មភាព​ជាក់ស្តែង ព្រមទាំងមានបំណងចង់គេចខ្លួនខណ:ដែលឃើញកម្លាំងសមត្ថកិច្ចចេញមុខទៅដល់ ទើបកម្លាំងបានសម្រេចចិត្តបាញ់តែម្តង ធ្វើឲ្យមុខសញ្ញាដ៏សកម្មនេះ រងរបួសបាក់ភ្លៅឆ្វេងម្ខាង ។

ក្រោយពេលឃាត់ខ្លួនបានទើបដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្រះបន្ទាយ ឃុំបណ្តុះសណ្តែក ស្រុកបា​រាយណ៍ ខេត្តកំពង់ធំ ។

បច្ចុប្បន្នក្រោយពេលផ្ទុះអាវុធ ក្រុមគ្រូពេទ្យបាននាំយកជនសង្ស័យរូបនេះទៅរុំរបួសជាបណ្តោះអាសន្ន ព្រមទាំងបានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលក្រុងនាំខ្លួនយ​កទៅ​សាក​សួរនៅអធិការដ្ឋាន រួមជាមួយនឹងវត្ថុតាងដែលជាឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោម៉ូតូផងដែរ ។

លោកស្នងការរង ជេត វណ្ណនី បានមានប្រសាសន៍ថា កន្លងមកមុខសញ្ញានេះតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង ដោយកម្លាំងតាមមិនដែលទាន់​ទាល់តែសោះ រហូតដល់ថ្ងៃ ខែខាងលើ ទើបកម្លាំងបានប្រទះឃើញជននេះធ្វើដំណើរចូលទៅក្នុងមន្ទីរពេទ្យ ដែលជាកន្លែងធ្លាប់ធ្វើសកម្មភាពបានសម្រេចជាញឹកញាប់ ហើយក៏បង្ក្រាបបានតែម្តង ខណ:ដែលជននេះកំពុងប្រព្រឹត្តជាក់ស្តែង ៕

ចោរ

ចោរ

ចោរ

ចោរ

ចោរ

មតិយោបល់