ព័ត៌មានជាតិ

កូនត្រី៣ម៉ឺនក្បាល ត្រូវបានព្រលែងចូលក្នុងបឹងខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ កូនត្រីគ្រប់ប្រភេទចំនួន៣ម៉ឺនក្បាល ត្រូវបានធ្វើពិធីព្រលែងចូលក្នុងបឹងខ្នារឆ្មារ ក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមជាង៤០០នាក់។

នៅក្នុងពិធីនេះដែរ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាមវិភាគនិងស្រាវជ្រាវប្រជាពលរដ្ឋយើង១នាក់ ហូបត្រីក្នុង១ឆ្នាំហូប ត្រីចំនួន៥២​គីឡូ ដែលជាទម្លាប់ខ្មែរយើង មិនអាចហូបសាច់ផ្សេងដោយអត់ត្រីបាននោះឡើយ។ តាមការបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទឹកទន្លេយើងរាក់ ត្រីគ្មានជម្រកពងកូន ត្រីកាន់តែខ្សត់ខ្សោយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋយើងកើនឡើងពី៣លាន ដល់១៥លាននៅក្នុងពេលនេះ ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវ តែចូលរួមទប់ស្កាត់ និងបង្ក្រាបការបំផ្លាញមច្ឆាជាតិ គ្រប់រូបភាព ទើបយើងអាចរក្សាត្រីទុកឲ្យកូនចៅ យើងហូបបានទៅថ្ងៃមុខ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បានឲ្យដឹងថា កូនត្រីដែលត្រូវព្រលែងក្នុងបឹងនៅថ្ងៃនេះ មានចំនួន៣ម៉ឺនក្បាល ក្នុងនោះមាន កូនត្រីឆ្ពិន ត្រីរាជ ត្រីគល់រាំង ត្រីរ៉ស់ អន្ទង់ កង្កែប កូនកន្ធាយ និងខ្យងជាដើម។

ក្នុងឱកាសនោះផងដែរ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ប្រភពធនធានជលផលរបស់យើង បច្ចុប្បន្នកំពុង​មាន និន្នាការប្រឈមទៅនឹងការបំផ្លិចបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ បង្កឡើងដោយជននេសាទអាណាធិបតេយ្យ មួយចំនួនតូច ប្រព្រឹត្តការនេសាទដោយ​ខុសច្បាប់ មានការឆក់ត្រី ដាក់របាំងលូ ស្បៃមុង របាំងលបលូសាច់អួន បូមបាចពង្រីងបឹងបួរ ដាក់សម្រាស់កាប់ឆ្ការគាស់ ឈូសឆាយដុតព្រៃលិចទឹក យកដីធ្វើកសិ​កម្ម យកដីធ្វើកម្មសិទ្ធ។ល។ ទង្វើបែបនេះ ធ្វើឲ្យធនធានជលផលជាតិបានថយចុះជារៀងរាល់ឆ្នាំគួរឲ្យព្រួយបារម្ភ។

លោក អេង ជាសាន បានបន្ដថា ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ សូមអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហគមន៍នេសាទ ប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសជលផលគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព រួមចំណែកថែរក្សាការពារប្រភពធនធាន ជលផលប្រកបដោយនិរន្តរភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាព ស្បៀង​អាហាររបស់យើង ឲ្យសំបូរឡើងវិញ៕

ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី ព្រលែងត្រី

មតិយោបល់