ភ្នំពេញៈ បុរសដែលជាអ្នកសុំទានម្នាក់ បានខ្យល់គរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោមស្ពានជ្រោយចង្វារថ្មី ក្រោយពីរូបគាត់ ព្រមទាំងប្រពន្ធ ហើយនឹងកូន២នាក់ទៀត បានធ្វើដំណើរចេញពីកំពង់ឆ្នាំង គោលបំណងត្រឡប់ទៅខេត្តព្រៃវែងវិញ តែមកដល់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ក៏មានសុខភាពមិនស្រួល ទើបរថយន្តឈ្នួលដាក់ពួកគាត់ចុះតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើសនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៧ កញ្ញានេះ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ដោយសារខ្យល់គរនោះមានឈ្មោះ ងួន ចយ ភេទប្រុស អយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកសុំទាន និងមានប្រពន្ធឈ្មោះ ភឿង រ៉ឹម អាយុ៤៧ឆ្នាំ ព្រមទាំងមានកូនចំនួន៦នាក់ ដោយក្នុងនោះកូនស្រី២នាក់ កូនប្រុស៤នាក់ មានស្រុកកំណើតនៅភូមិសម ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ហើយនឹងប្រពន្ធ ព្រមទាំងកូនប្រុសតូចៗចំនួន២នាក់បាននាំគ្នាដើរសុំទានគេនៅខេត្តកំពង់ឆ្នាំង ដោយសុំបានបន្តិចបន្តួច ក៏សម្រេចចិត្តនាំគ្នាជិះរថយន្តឈ្នួលត្រឡប់ទៅខេត្តព្រៃវែងវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ប្តីរបស់គេដូចជាមានអាការៈមិនស្រួល ហើយម្ចាស់រថយន្តឈ្នួលបានឈប់រថយន្ត ដោយឲ្យគាត់ចុះពីលើរថយន្តឈ្នួល ព្រោះខ្លាចមានរឿងអ្វីកើតឡើង ។ ក្រោយពីចុះពីលើរថយន្តឈ្នួលរួចមក ជនរងគ្រោះបានមកអង្គុយនៅក្រោមស្ពានជ្រោយចង្វារថី្ម បានជាប្រហែលជា២០នាទី ក៏ត្រូវបានខ្យល់គរស្លាប់ភ្លាមៗតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានធ្វើការសាកសួរ រួចត្រួតពិនិត្យព្រមទាំងបានធ្វើកោសល្យវិច័យមើលទៅឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ ហើយសមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្ថានីយ៍វិទ្យុ ABC ឲ្យមកជួយដឹកយកសព ប៉ុន្តែបែរជារថយន្តសង្គ្រោះរបស់ ABC មិនបានមកយកទេ ដោយប្រាប់ថា ជាប់រវល់។ ក្រោយមកសមត្ថកិច្ចបានទំនាក់ទំនងទៅក្រសួងសុខាភិបាល ដើម្បីសុំរថយន្តមួយគ្រឿង ដឹកយកសពបុរសខាងលើទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
https://youtu.be/-2FXLCcRl7U
មតិយោបល់