ព័ត៌មានជាតិ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន

បាត់ដំបង: ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ប្រចាំខេត្តបាត់ដំបងម្នាក់ទៀតហើយ ត្រូវបានកម្លាំងការិយាល័យប្រឆាំង​គ្រឿងញៀន រួមសហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើស បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ យ៉ុង សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កូនថង់ ទម្ងន់ ១៣,៨៦ ក្រាម ទូរស័ព្ទដៃ១គ្រឿងប្រដាប់លក់ថ្នាំញៀនចំនួន១ និងកាបូបដាក់លុយចំនួន២ ។

ការបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំបញ្ជា និងប្រតិបត្តិការណ៍ ដោយលោក វរសេនីយ៍ឯក កុយ ហៀង ស្នងការរង និងលោក វរសេនីយ៍ត្រី សុខ និមល នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញបង្រ្កាប និងឃាត់ខ្លួនដកហូតបានជនសង្ស័យខាងលើនេះតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងថ្នាំញៀនត្រូវបាន សមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ​ចាត់ការ​តាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន២

គ្រឿងញៀន៣

មតិយោបល់