អាមេរិកៈ នៅទីបំផុត Apple បានប្រកាសបង្ហាញ iPhone 7 និង iPhone 7 Plus ជាផ្លូវការ ប៉ុន្តែសម្រាប់លក្ខណៈពិសេសរបស់ iPhone ទាំងពីរនេះ គឺមិនខុសអ្វីពីព័ត៌មានចចាមអារ៉ាម ដែលធ្លាប់បានលេចឮនាពេលកន្លងមកឡើយ។
iPhone 7 និង 7 Plus ត្រូវបានរចនាឡើងក្រោមទម្រង់ និងរូបរាងតែមួយដូចគ្នាទៅនឹង iPhone 6 និង 6 Plus ប៉ុន្តែ iPhone 7 និង 7 Plus គឺបានបន្ថែមពណ៌ថ្មីពីរទៀត ដែលមានឈ្មោះថា «Jet Black និង Black» ដែលសរុបទាំងអស់មាន ៥ពណ៌។
iPhone 7 ត្រូវបានផលិតឡើងដោយមានអេក្រង់ទំហំ ៤.៧អ៊ីង ប្រភេទ Retina Display ខណៈដែល iPhone 7 Plus មានទំហំ ៥.៥អ៊ីង ប៉ុន្តែ iPhone ទាំងពីរនេះ ត្រូវបានបញ្ចូលលក្ខណៈពិសេសម្យ៉ាង ដែលជួយសម្រួលដល់អ្នកប្រើប្រាស់ឲ្យមើលទៅលើអេក្រង់មិនមានបញ្ហាភ្នែក។
Apple បានបញ្ចូលនូវឈីបថ្មីរបស់ខ្លួនទៅកាន់ iPhone 7 និង 7 Plus គឺ A10 ដែលឈីបថ្មីនេះ បានធ្វើឲ្យប្រតិបត្តិការរបស់ iPhone លឿនជាងមុន រហូតដល់ទី៣ដង។ ជាមួយគ្នានោះផងដែរ iPhone 7 និង 7 Plus មានម៉ូដែល 32GB, 128GB និង 256GB ប៉ុន្តែក្នុងនោះសម្រាប់ពណ៌ Jet Black គឺមានតែ 128GB ឬ 256GB ប៉ុណ្ណោះ។
នៅឆ្នាំនេះ Apple បានយកចិត្តទុកដាក់ទៅលើមុខងារកាមេរ៉ារបស់ iPhone ដោយ iPhone 7 មានកាមេរ៉ាទំហំ ១២មេហ្គាភិចសែលដូចមុន ប៉ុន្តែត្រូវបានបញ្ចូលលក្ខណៈពិសេសគឺជាច្រើនដើម្បីឲ្យការចាប់យករូបភាពមានលក្ខណៈពិសេសជាងមុន ខណៈដែល iPhone 7 Plus បំពាក់នូវកាមេរ៉ាភ្លោះ ហើយសមត្ថភាពវិញគឺលើសពីការរំពឹងទុក (យើងនឹងពន្យល់លម្អិតនៅអត្ថបទក្រោយ)។ ជាមួយគ្នានោះផងដែរ iPhone ថ្មីទាំងពីរម៉ូដែលនេះ គឺធន់នឹងការជ្រាបទឹកជាងម៉ូដែលមុនៗឆ្ងាយណាស់។
Apple ពិតជាបានធ្វើដូចពាក្យចចាមអារ៉ាមមែន គឺ iPhone 7 និង 7 Plus ពុំមានរន្ធដោយកាស 3.5mm ឡើយ ពោលគឺ Apple បានប្រើរន្ធសាកថ្ម សម្រាប់ដោតកាសផងដែរ ប៉ុន្តែត្រូវការប្រើប្រាស់កាស EarPod សម្រាប់ភ្ជាប់ជាមួយ ដោយវាមាននៅក្នុងប្រអប់ iPhone ថ្មីស្រាប។
បើនិយាយពីកម្លាំងថ្មរបស់ iPhone 7 និង 7 Plus វិញ ត្រូវបាន Apple អះអាងថា គឺប្រើប្រាស់បានយូរជាង iPhone 6 រហូតដល់ទៅ២ម៉ោង។
iPhone 7 ត្រូវបាន Apple បញ្ជាក់ឲ្យដឹងថា គឺមានតម្លៃចាប់ពី ៦៤៩ដុល្លារអាមេរិក សម្រាប់ម៉ូដែល 32GB និង iPhone 7 Plus មានតម្លៃចាប់ពី ៧៦៩ដុល្លារអាមេរិកឡើងទៅ ហើយនឹងដាក់ឲ្យបញ្ជាទិញមុននៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ ដោយមាន ២៨ប្រទេស និងតំបន់ធំ ចំណែកបរិច្ឆេទចេញលក់ជាផ្លូវការគឺនៅថ្ងៃទី១៦ ខែកញ្ញា៕
មតិយោបល់