បាត់ដំបងៈ ក្មេងប្រុសអាយុទើបតែ៣ឆ្នាំ បានលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលមានក្មេងៗក្នុងភូមិមួយក្រុមនាំគ្នាចុះទៅលេងទឹកស្ទឹងសង្កែ ហើយកុមារារូបនេះ បានដើរតាមគេ ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ និង៣០នាទីព្រឹក នៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៦ ក្នុងដងស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ភាន់ សុភក្តិ អាយុ៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុ មានក្មេងៗមួយក្រុមដែលរស់នៅក្នុងភូមិខាងលើ បានបបួលគ្នាទៅងូតទឹកក្នុងស្ទឹងសង្កែ ដែលជាទម្លាប់ធម្មតា របស់ពួកគេ នៅពេលនោះស្រាប់តែកុមារា រងគ្រោះក៏បានដើរតាមគេឯងទៅជាមួយដែរ ដើម្បីចុះទៅងូតទឹកលេង ។ ខណៈដែលពួកគេកំពុងតែមានការហ៊ោកញ្ជ្រៀវសើចសប្បាយ ស្រាប់តែមានការឆោឡោឡើង ដោយសារតែពួកគេរកមិនឃើញកុមារារូបនេះ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ចាស់ៗ នាំគ្នាចុះរាវ ទើបប្រទះឃើញកុមារានេះ ប៉ុន្តែជាអកុសលក្មេងរងរបួសបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ដោយសារតែរយៈពេលនៃការបាត់យូរពេក ។
បច្ចុប្បន្នសពកុមារខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការកោសល្យវិច្ឆ័យរួច ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់