ភ្នំពេញៈ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ជិវិតជាសិល្បៈករគឺមើលទៅហាក់សប្បាយជាងគេណាស់ តាមការពិតនោះសិល្បៈករពេលខ្លះក៏មានភាពខ្វះខាតផ្នែកជីវភាពដែរ ប៉ុន្តែសិល្បៈករពិតជាបានគិតទៅដល់ក្មេងៗជំនាន់ក្រោយតាមរយៈការលះបង់ធនធានទៅតាមលទ្ធភាព និងសមត្ថភាពដែលខ្លួនមានដើម្បីបម្រើដល់វិស័យអប់រំ និងវិស័យដទៃទៀត។
លោកបន្តថា ជាក់ស្តែងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមសិល្បៈករខ្មែរជាច្រើន ដែលមានការផ្តួចផ្តើមគំនិតដោយលោក ទិត្យ វិច្ឆិកា បាននាំគ្នាចូលរួមនៅក្នុងការប្រគុំតន្ត្រី «សប្បុរសធម៌ កំលាំងចិត្តសិល្បៈករខ្មែរជួយខ្មែរ» ដើម្បីប្រមូលថវិកាទៅសង់សាលារៀន និងស្ពានដល់ពលរដ្ឋ និងសិស្សានុសិស្ស វាពិតជាសកម្មភាពដ៏ល្អណាស់ ដែលសិល្បៈករដទៃៗទៀតគួរយកគំរូតាម និងចូលរួមឲ្យបានច្រើនបន្តទៀត។ លោករដ្ឋមន្ត្រីក៏បាន បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៩០០ដុល្លារជូនដល់កម្មវិធីប្រគុំតន្ត្រីមនុស្សធម៌នេះផងដែរ។
សូមរំលឹកថា លោក ទិត្យ វិច្ឆិកា ធ្លាប់បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅថា រូបលោក និងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នា រៀបចំកម្មវិធីប្រគុំតន្ត្រី «សប្បុរសធម៌ កំលាំងចិត្តសិល្បៈករខ្មែរជួយខ្មែរ» រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបុរី ញូថោន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីរៃអង្គាសប្រាក់ប្រមាណ ៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នង៤បន្ទប់ ក្លោងទ្វាសាលា និងស្ពានឆ្លងអូរប្រវែង៣០ម៉ែត្រ នៅភូមិជាំស្លា ឃុំថ្មបាំង ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកបានបន្តថា ការផ្តួចផ្តើមគំនិតនេះឡើងដោយសារតែរូបលោកបានទៅដល់ទីតាំងខាងលើបានជួបប្រជាជន និងកុមារាកុមារីដែលមានជីវភាពខ្វះខាត និងត្រូវការសាលារៀនមួយខ្នងដើម្បីបានសិក្សានៅបឋមសិក្សា ឧបសម្ព័ន្ធទួលអូកី។ ជាងនេះទៅទៀត ប្រជាជនបានជួបទុក្ខលំបាកដោយសារតែគ្មានស្ពានឆ្លងកាត់អូរទើបលោកត្រូវរកថវិកាជំនួយធ្វើស្ពានជូនប្រជាជន។
សូមបញ្ជាក់ថា កម្មវិធីប្រគុំតន្ត្រី «សប្បុរសធម៌ កំលាំងចិត្តសិល្បៈករខ្មែរជួយខ្មែរ» បានធ្វើឡើងដោយឥតគិតថ្លៃចំពោះអ្នកទស្សនា ក្រោមការសហការពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន RGB Media ដោយមានការដាក់តូបលក់ផលិតផលកម្ពុជា និងថៃជាច្រើនប្រភេទផងដែរ៕
មតិយោបល់