រតនគិរីៈ រថយន្តតូយូតា តាកូម៉ាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខតាកែវ 2A.0849 ដឹកឈើលោតឆ័ត្រប្រភេទធ្នង់ ចូលក្រុងបានលុង ត្រូវក្រុមចម្រុះស្ទាក់ចាប់បាន នៅចំណុចជិតរង្វង់មូល យាយទូលចេក នៅវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី៨ ខែកញ្ញ ឆ្នាំ២០១៦ លើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី ។
នៅព្រឹកថ្ងៃទី៩ ខែកញ្ញនេះ កម្លាំងចម្រុះក៍បានប្រគល់ រថយន្តនឹងឈើជា វត្ថុតាងទៅឲ្យ ខាងផ្នែករដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងដោយលោកហុង សុវណ្ណរាន ជានាយផ្នែកគ្រប់គ្រង៣ក្រុង-ស្រុក ប៉ុន្តែខាងផ្នែករដ្ឋបាលព្រៃឈើ លំផាត់ពុំហ៊ានទទួលទេ សង្ស័យថាបានទទួលលាភសក្ការៈ ពីក្រុមឈ្មួញម្ចាស់រថយន្តនោះ ហើយមើលទៅក៍យកឡេះថាកន្លែងចង្អៀត ដាក់មិនកើត ទើបឲ្យសមត្ថកិច្ចចម្រុះ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើវិញ។
បើតាមការបញ្ជាក់ពី ក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថា រថយន្តនេះដឹកឈើជារៀងរាល់ថ្ងៃ ឲ្យតែមកដល់ទីរួមខេត្ត គឺបន្ថែមល្បឿងដោយមិនញញើត ច្បាប់ចរាចរណ៍នោះទេ ។ ហេតុដូច្នេះដោយមានការសង្ស័យ រថយន្តបើកលឿនបែបនេះ កម្លាំងសមត្ថកិច្ចក៍ បានដេញ តាមឃាត់រថយន្តនោះតែអ្នកបើកបរ បានចុះរត់គេចខ្លួន បាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា ឈើទាំងនោះដឹកចេញពី ស្រុកកូនមុំ មកក្រុងបានលុង ហើយបន្តទៅតាមផ្លូវជាតិ លេខ៧៨ ឆ្ពោះទៅច្រកទ្វារអន្តជាតិអូរយ៉ាដាវ តែសំណាងមិនល្អក៍ជាប់ដៃសមត្ថកិច្ចតែម្តង ។
ខណៈនេះ រថយន្តនឹងឈើល្មើសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការ ឯកភាពក្រុងបានប្រគល់ទៅឲ្យខណ្ឌ រដ្ឋបាលព្រៃឈើ ដើម្បីវាស់វែង និងកំពុងរក្សាទុកនៅ ខណ្ឌរដ្ឋព្រៃឈើផងដែរ។
ចំណែកម្ចាស់រថយន្ត សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕
មតិយោបល់