ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ កញ្ញា ភោជនីយដ្ឋាន «វីហ្រ្វេន» ដែលតារាៗចូលចិត្តជ្រើសជាកន្លែងធ្វើខួបកំណើតបង្អួតគ្នា បានប្រារព្ធពិធីខួបគម្រប់១០ឆ្នាំរបស់ខ្លួនយ៉ាងអធឹកអធម ដោយមានតារាសិល្បៈបង្ហាញខ្លួនយ៉ាងច្រើនកុះករ។ នៅត្រង់ទីតាំង«វីហ្វ្រេន»ស្ថិតនៅម្ដុំបឹងត្របែក ដែលជាទីតាំងមួយក្នុងចំណោមទីតាំងទាំង៤ដែលត្រូវរៀបចំពិធីទទួលភ្ញៀវ ត្រូវគេឃើញកកកុញដោយឡានម៉ូតូ និងតារាល្បីៗរហូតដល់កន្លែងមានកន្លែងចូលតែម្ដង។ យ៉ាងហោចភ្ញៀវកិត្តិយស និងតារាៗមិនតិចជាង៥០-៦០នាក់ ត្រូវបង្ខំឈរចាំតុដល់យប់ជ្រៅនៅខាងមុខហាងត្រៀបត្រា ខណៈដែលតារាខ្លះក៏សម្រេចចិត្តត្រលប់ទៅវិញ ក្រោយជូនកន្ត្រកផ្កា ឬកាដូដល់ម្ចាស់ហាង។ នេះជាពិធីគម្រប់ខួបដ៏កម្រមួយដែលឃើញវត្តមានតារាល្បីៗស្ទើរតែដូចគ្នានឹងព្រឹត្តិការណ៍សម្ពោធរឿង«ចន្ទ្រា»កាលពីថ្ងៃទី៨ កញ្ញា នៅផ្សារទំនើបTK ខណៈដែលទីតាំង«វីហ្វ្រេន»នៅផ្សារដេប៉ូក៏មានតារាល្បីៗបង្ហាញខ្លួនបែបនេះដូចគ្នា។
លោក ចេង វណ្ណា ម្ចាស់ហាង «វីហ្រ្វេន» ទាំង៤កន្លែងនៅភ្នំពេញបានអះអាងថា ដោយសារតែហាងរបស់លោកទទួលបានការគាំទ្រពេញទំហឹងពីសំណាក់តារាសិល្បៈ និងភ្ញៀវកិត្តិយសពីគ្រប់ស្រទាប់វណ្ណៈ ទើបលោកប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំជាលក្ខណៈធំដុំតែម្ដង ដោយគ្រាន់តែភ្ញៀវដែលមកពិធីគម្រប់ខួបនៅ«វីហ្វ្រេន» បឹងត្របែកកាលពីយប់ថ្ងៃទី៨ កញ្ញា គឺមានប្រមាណជាង៥០០នាក់ ដោយមិនទាន់រាប់បញ្ចូលតារាសិល្បៈ និងភ្ញៀវកត្តិយសនៅដែលទៅចូលរួមពិធីនេះដូចគ្នានៅទីតាំងផ្សេង។ លោកថាលោកមានបងប្អូនជាតារាសិល្បៈ និងមានការសេពគប់តារាសិល្បៈភាគច្រើននោះផង ទើបហាងរបស់លោកទទួលបានកម្មវិធីស្ទើរមិនដែលលោះពេលពីតារាគ្រប់រូប។ យ៉ាងណាមិញ លោកថាមិនមានគម្រោងបើកសាខាទី៥នោះទេ បើទោះជាសាខានៅបឹងត្របែក នៅផ្សារដេប៉ូ នៅក្រោយពេទ្យកុមារជាតិ និងនៅស្ទឹងមានជ័យត្រូវគេកត់សម្គាល់ថាមានភ្ញៀវពេញៗស្ទើរមិនមានកន្លែងអង្គុយនាពេលចុងក្រោយ។
លោកចាន់ រដ្ឋា ជាអ្នកគ្រប់គ្រងទូទៅប្រចាំហាងបានអះអាងថា តារាសិល្បៈដែលមកបង្ហាញខ្លួននៅក្នុងពិធីគម្រប់ខួប១០ឆ្នាំរបស់ហាងខ្លួនគឺមិនក្រោមជា២០០នាក់នោះទេ។ តារាទាំងនោះរួមមានកញ្ញា មាស សុខសោភា លោករ៉ូលីន លោកឃុន វត្ថា អ្នកនាងកាតុ លោកយ៉ែម សំអូន កញ្ញាទឹម រដ្ឋា កញ្ញាតូតា លោកបឺរី កញ្ញាស្រីពេជ្រ កញ្ញាថន លក្ខិណា កញ្ញានី មុន្នីនាថ កញ្ញាពេជ្រ អាវីហ្សា អ្នកនាងឆៃលី ដាឡែន លោកឯម រៀម លោកចន អាឡិចដាហ្វី លោកករុណា ពេជ្រ លោកហ៊ុន សត្យា កញ្ញាពៅ លីដា លោកពៅ ពិសិដ្ឋ លោកអេឡិច ចន្ត្រា លោកអ៊ឹម ជីវ៉ា លោកសុខ សេរីវឌ្ឍនា លោកជា វណ្ណរិទ្ធ និងតារាល្បីៗយ៉ាងច្រើនកុះករ។ ពិធីនោះក៏មានការសម្ដែងពីក្រុមShow ភេទទី៣ និងសម្ដែងឌឺដងគ្នារវាងអ្នកនាងកាតុ និងរ៉ូលីនផងដែរ ខណៈដែលកញ្ញាមាស សុខសោភា ក៏បានបកស្រាយចម្រៀង អមដោយក្បាច់រាំយ៉ាងពត់ពែនធ្វើឲ្យភ្ញៀវកិត្តិយសជក់ចិត្ត។ លោកចាន់ រដ្ឋា បន្តថា ក្រោយការជួបជុំដ៏កម្រក្នុងពិធីគម្រប់ខួប១០ឆ្នាំនោះ វីហ្វ្រេន ក៏បានផ្ដល់រង្វាន់ជាច្រើនដល់អ្នកដែលបានចូលរួមនាយប់នោះផងដែរ៕
https://youtu.be/N4mPtOaAKOA
https://youtu.be/mY58xJW9-Rw











































មតិយោបល់