បន្ទាយមានជ័យៈ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងហាផ្ទៃ បានលើកឡើង ជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវខិតខំបំពេញកិច្ចការងាររបស់ខ្លួនឲ្យបានល្អប្រសើរឡើងទាំងផ្នែកបច្ចេកទេសជំនាញ និងបម្រើសេវាកម្មជូនពលរដ្ឋ ប្រកបដោយឆន្ទៈខ្ពស់ ។
លោកពិនិត្យឃើញថា មន្រ្តីអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើការងារកន្លងមកមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ នៅខ្វះចន្លោះ មានភាពមិនប្រក្រតី បង្ករាំងស្ទះស្មុគស្មាញប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនៅឡើយ និងនៅតែបន្តរងការរិះគន់ពីប្រជាពលរដ្ឋ។លោកលើកឡើងទៀតថា ភាពមិនប្រក្រតីដូចជា ការធ្វើរបាយការណ៍ទៅថ្នាក់លើមានភាពយឺតយ៉ាវ របាយការណ៍ខ្លះធ្វើខុសបែបទរដ្ឋបាល គ្មានគុណភាព ការធ្វើលិខិតអត្រានុកូលដ្ឋានជូនពលរដ្ឋយឺតយ៉ាវ ដោយមានការកាក់ទុកក្រដាសលិខិតអត្រានុកូលដ្ឋានត្រឹមខេត្ត ស្រុក ឃុបខិតគ្នាដេញគម្រោងធ្វើផ្លូវ មិនប្រក្រតី ការតែងតាំងមុខងារ ឋានន្តរសក្តិ មន្រ្តីនិយមបក្ខពួក និងបញ្ហាជាច្រើនទៀត ដែលធ្វើរាំងស្ទះនិងបង្កឲ្យប៉ះពាល់ ដល់ការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានព្រមានធ្វើការដាក់វិន័យដល់មន្រ្តីដែលរកឃើញថាអនុវត្តការងារមិនបានត្រឹមត្រូវតាមវិជ្ជាជីវៈរបស់ខ្លួននិងពិនិត្យទៅលើផ្លូវច្បាប់ទៀតផង។ការថ្លែងខាងលើបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាគណៈអធិបតី ប្រកាសតែងតាំង លោក ឈើយ ចាន់ណា ពីប្រធានមន្ទីរអប់រំខេត្ត ជាអភិបាលរងខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងហាផ្ទៃ ក៏បានជម្រុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចបន្តបង្ការទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀន ដែលកំពុងចរាចរណ៍ពីទីក្រុងរហូតដល់ជនបទ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង វិធានការបង្ការទប់ស្កាត់អំពើលួចឆក់ប្លន់ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ៕
មតិយោបល់