ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ប្រកបមុខរបររត់កង់បី បើកដឹកម៉ូយពីភ្នំពេញទៅគៀនស្វាយ អស់សាំងចុះបណ្តើរក៏ត្រូវបាន ម៉ូតូមួយគ្រឿងបើកមកបុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចផ្លូវបំបែកថៃហ្គឺរ័ លើកំណាត់ផ្លូវជាតិលេខមួយប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ដែលមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណ ប៉ុន្តែមានគេប្រាប់ថាគាត់រស់នៅម្ដុំ ភូមិយបាត្រ បានបើកកង់បីឌុបម៉ូយពីភ្នំពេញឆ្ពោះទៅស្រុកគៀនស្វាយ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែកង់បីរបស់គាត់អស់សាំង ទើបបុរសដែលជាអ្នកបើកកង់បីចុះពីលើម៉ូតូបណ្តើរ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ រ៉ន វ៉ាន់ថា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបើកម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-0286 មកបុកជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឲ្យបុរសដែលកំពុងបណ្តើរកង់បីរួមនិងអ្នកបើកម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរៀងៗខ្លួន ៕










មតិយោបល់