ព័ត៌មានជាតិ

ក្រសួងការបរទេស៖ មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ ចំនួន៦នាក់ ពីប្រទេសម៉ាឡេស៊ី

ភ្នំពេញៈ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ​សង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីចំនួន០៦នាក់ ដូចជា ទី១ ពលការិនី រស់ មិថុនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោក មេខ្យល់ ធ្វើការងារជាអ្នកបោសសម្អាត ក្រោយទៅដល់ម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៥។ ដោយធ្វើការងារលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូត​ជួយដើម្បី​បានត្រឡប់មកកម្ពុជាវិញ។ ទី២ ពលការិនី ឯម ស៊ុន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី០៣ ឧសភា ឆ្នាំ ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ប៉ុន្តែដោយសារតែធ្វើការលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយដើម្បីបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី រស់ មិថុនា និងពលការិនី ឯម ស៊ុន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧ និង៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។ ទី៣ ពលការិនី ឃឹម ស្រឿន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេ ខ្យល់ទៅដល់ម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៥ ដោយធ្វើការ​ងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ទី៤ ពលការិនី ឃាម សំ អាយុ៤១ឆ្នាំ មានស្រុកកំ​ណើតនៅ​ខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ ប៉ុន្តែដោយសារតែធ្វើការលំបាកពេក គាត់បានស្នើសុំ​ឲ្យស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបាន​យល់ព្រមប្រគល់ប្រាក់​ចំនួន៩៩៩០ រីងហ្គីត (ប្រាក់ខែ + ថ្លៃសំបុត្រយន្តហោះ) ឲ្យពលការិនី តាមសំណូមពររបស់ស្ថានទូត។ ពលការិនី គឹម ស្រឿន និងពលការិនី ឃាម សំ នឹងមកដល់ព្រ​លាន​យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧និង៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។ ទី៥ ពលការិនី សុខ ខា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានជាប់ឃុំនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦ ដោយសារពុំមានលិខិតឆ្លងដែន។

បច្ចុប្បន្ន នាងបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះដល់នាងក្នុងការត្រឡប់មកកម្ពុជាវិញ។ ពលការិនី សុខ ខា នឹងមកដល់ព្រលានយន្តហោះអន្តរ​ជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥និង៥៥នាទី តាមជើងយន្តហោះAK534 ។ ទី៦ ពលករ ហឿន សុខឡា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ​ខេត្ត​ត្បូងឃ្មុំ បានជាប់ឃុំនៅពន្ធនាគារ Lenggeng ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួន ដោយសារលិខិតឆ្លងដែន​ផុតសុពលភាព។

បច្ចុប្បន្ន ពលកររូបនេះបានរួចទោស ហើយស្ថានទូតបាន ឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។ ពលករ ហឿន សុខឡា នឹងមកដល់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥និង៥៥នាទី តាមជើងយន្តហោះAK534 ៕

ក្រសួងការបរទេស

មតិយោបល់