ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖បើអាជ្ញាធរខេត្ត-ក្រុងមិនអាចចាត់ការកាយដីលុបមុខទឹកនៅស្ពានទី១បានលោកនឹងមកកាយខ្លួនឯង

(បន្ទាយមានជ័យ)៖​ ថ្លែងនៅក្នុងពិធីសំណេះសំណាលនិងប្រគល់ផ្ទះ១៨៩ខ្នងជូនប្រជាពលរដ្ឋក្រីក្រនៅស្រុកភ្នំស្រុកកាលពីព្រឹកថ្ងៃទី២៩ខែមីនាម្ស៉ិលម៉ិញនេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថាបើអាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ក្រុងសិរីសោភ័ណ​មិនអាចចាត់ការកាយដីលុបមុខទឹកនៅស្ពានទី១បានលោកនឹងមកកាយខ្លួនឯង។​លោកថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថាមានការចាក់ដីលុបផ្លូវទឹក​ លុបប្រឡាយ​ បឹងបួរ​ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបង្កផលប៉ះពាល់ដល់ប្រយោជន៍សាធារណះហើយអាជ្ញាធរខេត្តក្រុងមិនមានវិធានការព្រមទាំងនៅពីក្រោយខ្នងការរំលោភកាន់កាប់ដោយខុសច្បាប់នេះ។      

សូមបញ្ជាក់​ថា នៅក្នុងក្រុងសិរីសោភ័ណត្រូវបានគេមើលឃើញថាមាន​អ្នកមានលុយនិងមានអំណាចបានចាក់ដីលុបរំលោភយកដីចំណីស្ទឹង​ ដីផ្លូវ​ ដីបឹងនិងប្រឡាយទឹកសាធារណះរបស់រដ្ឋក្រោមការបើកភ្លើងខៀវរបស់អាជ្ញាធរក្រុង​ស្រុកនិងខេត្ត។

 ជាក់ស្តែងដីចំណីស្ទឹងសែសិនត្រូវលោក​ប៉េង​ ឡុង​ មន្ត្រីអាវុធហត្ថនិងជាថៅកែខារ៉ាអូខេបឹងឈូកនិងលោក​ បូ​ គុណ​ អនុប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនបាន​ចាក់ដីរំលោភយក​ធ្វើជាកម្មសិទ្ធិ។​ហើយដោយឡែកដីប្រឡាយទឹកសាធារណះដែលគ្រប់គ្រងដោយមន្ទីរធនធានទឹកស្ថិតនៅតាមបណ្តោយស្ពានតាផាន់ក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក៏ត្រូវអតីតលោកអភិបាលខេត្តចាក់ដីរំលោភយកផងដែរ។​ហើយថ្មីៗនេះ​នៅ​ចំនុចស្ពានទី១ក៏ត្រូវលោក​ វុយ​ សេង​ ម្ចាស់ហាងលក់ទូរសព្ទ័ដៃវុយ​ ​សេង​ចាក់ដីលុបដែរដោយសំអាងថាមានកម្មសិទ្ធិប្លង់រឹងនឹងបានការអនុញាតិពីអាជ្ញាធរក្រុងនិងខេត្ត។ប្រ​ជាពលរដ្ឋបាននិយាយប្រាប់post newsថា​ចំនុចស្ពានទី១​នេះផងដែរគឺជាផ្លូវទឹកដ៏សំខាន់សំរាប់រំដោះទឹកចេញពីក្រុង​ ចុះបើអ្នកមានលុយចាក់ដីលុបដូច្នេះតើឲ្យទឹកហូរតាមផ្លូវណា។​

ក្រោយពីមានការចុះផ្សាយជាបន្តបន្ទាប់ពីបណ្តាញពត៌មានក្នុងស្រុក​ថា​ អាជ្ញាក្រុងនិងខេត្តបានបើកភ្លើងខៀវឲ្យមានការចាក់ដីនេះ​ទើបធ្វើឲ្យមានការសាចទឹកដាក់គ្នារវាងអភិបាល​ អភិបាលរងក្រុង​ និងអភិបាល​ អភិបាលរងខេត្ត​នៅពេលដែលមានការស្តីបន្ទោសពីឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​។​ទោះជាមានការឆ្លើយដាក់គ្នាក្តី​ លោកឧបនាយករដ្ឋបានជំរុញឲ្យអាជ្ញាធរក្រុងខេត្តត្រូវតែចាត់វិធានការបន្ទាន់ឲ្យម្ចាស់កាយដីនោះចេញវិញហើយអ្នកដែលបានចាក់លុបមុនក៏ត្រូវតែកាយចេញដូចគ្នាចំពោះរាល់សំណង់ដែលបានសង់រួចរាល់ត្រូវវ៉ៃចោលធ្វើយ៉ាងណាបើកផ្លូវទឹកនេះឲ្យបាន​ហើយបើ​អាជ្ញាធរខេត្តក្រុងមិនអាចកាយបានលោកនឹងមកកាយខ្លួនឯង៕

   
    
   

មតិយោបល់