ព័ត៌មានជាតិ

កម្លាំងចម្រុះ បង្ក្រាបអេស្ការម៉ូទ័រមួយគ្រឿង ពេលធ្វើសកម្មភាពឈូសឆាយដីព្រៃ

ឧ​ត្ត​រ​មានជ័យ ​៖ ​អេស្ការម៉ូទ័រ ​មួយ​គ្រឿង​​ពេល​​កំពុង​ធ្វើ​សកម្មភាព​ ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ យក​ធ្វើជា​កម្ម​សិទ្ធ ត្រូវ​បាន ​កម្លាំងចំរុះ ​របស់​ស្រុក​បង្ក្រាប​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៥ ​ខែមេសា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​អូរ​ត្រាច​ ស្ថិតនៅ​ក្នុងភូមិ​រហាល ឃុំ​លំ​ទង​ ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

អាជ្ញាធរ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ថា ​កម្លាំងចំរុះ ដែល​ចុះទៅ​ចាប់​បង្ក្រាប ​អេស្ការម៉ូទ័រ ​នោះ រួមមាន​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​៤​នាក់ ​ដឹកនាំ​ដោយ​លោក​អន​សេនីយ៍​ត្រី ហេង ធី មេបញ្ជាការរង​ស្រុក ​បាន​សហការ​ជា​មួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ចំនួន​២​នាក់ ​មន្ត្រី​សាលា​ស្រុក​១​នាក់ ​ដឹកនាំ​ដោយ​លោក ងួន លីន នាយក​រដ្ឋបាល សាលាស្រុក​អន្លង់វែង ​លទ្ធផល​ឃាត់​បាន​អេស្ការម៉ូទ័រ ​មួយគ្រឿង​ពណ៌​​លឿង ម៉ាក​ខែ​ត ​នឹង​កម្មករ​១​នាក់ ​ឈ្មោះ​ រ៉ា ឡងឌី ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​មង្គល​បូរី ​ខេត្តបន្ទាយមានជ័យ​។​
លោក​ ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក ​បាន​បន្តទៀតថា ​នៅពេល​បច្ចុប្បន្ន វត្ថុតាង​ខាងលើ ត្រូវបាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ផ្ញើ​រក្សាទុក​បណ្ដោះអាសន្ន​​នៅ​ទី ​បញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ​ដែល​ស្ថិតនៅ​ភូមិ​ទួល​ស្វាយ​ ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដើម្បី​ចាត់ការ​ទៅតាម​នី​តិ​វិធី​ច្បាប់​៕

  

មតិយោបល់