ភ្នំពេញ: បើយោងតាមប្រភព ពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ PJ បានឱ្យដឹងថា តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស ជនជាប់ចោទម្នាក់ ជាទាហានស័ក្តិ៤ ឱ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ។
ប្រភព បានបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានគេព្យាយាមបិទបាំង យ៉ាងសម្ងាត់ ពោល គឺសូម្បីតែថ្ងៃបើកសវនាការ ក៏តុលាការធ្វើឡើង កំបាំងមុខជនជាប់ចោទដែរ ហើយថ្ងៃប្រកាសសាលក្រមនេះ ក៏មន្ត្រីពន្ធនាគារ នាំយកជនជាប់ចោទ មកមិនទាន់ ដើម្បីស្តាប់ការប្រកាសសាលក្រមនោះទេ ព្រោះចៅក្រមប្រកាសយ៉ាងលឿន ហាក់ដូច ខ្លាចមានគេដឹង។ ប្រភពបានបន្តថា ពួកគាត់ បានត្រឹមតែឮតៗគ្នាថា ជនជាប់ចោទ ជាកូនប្រុសបង្កើតរបស់នាយឧត្តមសេនីយ៍យោធាម្នាក់ ដែលមានទ្រព្យស្តុកស្តម និងតួនាទីធំ។
ទោះជាយ៉ាងណា មិនមានប្រភពច្បាស់ការណាមួយ អាចបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានចៅក្រមរូបណា ជាអ្នកកាត់ក្តី ហើយចោទជនជាប់ចោទ ពីបទអ្វីនោះទេ សូម្បីតែមន្ត្រីពន្ធនាគារ ដែលនាំជនជាប់ចោទ មកតុលាការកាត់ក្តីផ្ទាល់ ក៏គេមិនបានឱ្យដឹង ផងដែរ។
ជនជាប់ចោទឈ្មោះ ចៅ រង្សី អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ បាន ប្រើប្រាស់អាវុធវែង ១ដើម ម៉ាក AR15 លេខ 5677 បាញ់រះនៅមុខក្លឹបកម្សាន្តខាងលើ ជាង ១០គ្រាប់ បណ្តាលឱ្យសន្តិសុខក្លឹបកម្សាន្តនោះ រងរបួសធ្ងន់ចំនួន ២នាក់ ព្រោះតែជនសង្ស័យ ខឹងសម្បានឹងអ្នករាំនៅក្នុងក្លឹប រាំប៉ះចង្កេះប្រពន្ធខ្លួន។ ហេតុការបាញ់រះនោះ កើតឡើងកាលពីពេលទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចក្លោងទ្វារចូលក្លឹបកម្សាន្ត មេនហាតធេន (HOLIDAY) ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះទី១ ឈ្មោះ កង ចិត្រា ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរបរជា ប្រធានសន្តិសុខក្លឹប ត្រូវ១ គ្រាប់ចំត្រង់ពោះ និងទី២ ឈ្មោះ ដុំ ធី ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាសន្តិសុខក្លឹប ត្រូវចំដៃខាងស្តាំ។
គួរំលឹកថា លោក លឹម មករន្ទ ចៅក្រមស៊ើបសួរ បានចេញដីកា ឃុំខ្លូនជនជាប់ចោទ ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ PJ កាលល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងមក ក្រោមបទចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ និងប៉ុនប៉ងមនុស្សឃាត៕
មតិយោបល់