ស្ទឹងត្រែងៈ រថយន្តកូរ៉េដឹកស៊ីម៉ង់ធន់តូចមួយគ្រឿងបានប្រលះជាមួយរថយន្តសាំយ៉ុង១៥កៅអី ខណៈពេលដែលបើកក្នុងល្បឿនលឿនបញ្រ្ចាស់ទិសគ្នា ហើយរថយន្តទាំងពីរបើកបត់ចូលទីរួមខេត្តដូចគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទាំងយប់ ប៉ុន្តែសំណាងល្អគ្មានអ្នករងគ្រោះដល់អាយុជីវិតឡើយ។
ហេតុករណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧ ជិតគល់ស្ពានសេកុងកាលពីវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍បាននិយាយថា គេបានឃើញរថយន្តសាំយ៉ុងខាងលើបើកក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េដឹកស៊ីម៉ង់រូបអូដធន់តូចមួយគ្រឿងទៀតបើកក្នុងល្បឿនលឿនដូចគ្នា ចុះពីស្ពានសេកុងពេលមកដល់ចំណុចកើតហេតុរថយន្តទាំងពីរបំរុងបត់ចូលទីរួមខេត្ត ស្រាប់តែវាក់អឺគ្នា មិនដឹងត្រូវគេចទៅណា បែរជាបួងចង្កូតរកគ្នាបណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តងទៅ។ ក្រោយកើតហេតុគេបានឃើញតៃកុងរថយន្តទាំងពីរនាំគ្នាឡើងជិះម៉ូតូឌុបទៅមន្ទីពេទ្យដើម្បីលាងរបួសរៀងខ្លួនៗភ្លាមៗផងដែរ។
ចំពោះរថយន្តដែលបានប្រលះគ្នាខាងលើទីមួយជាប្រភេទរថយន្តសាំយ៉ុង១៥កៅអី ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AG-8035.ចំណែកឯរថយន្តដឹកស៊ីម៉ង់រូបអូត ជាប្រភេទរថយន្តកូរ៉េពណ៌ទឹកក្រូច ពាក់ស្លាកលេខតាកែវ3A-6263 ព្រមទាំងមានបិតផ្លាកយីហោ(ពន្លឺអង្គរ)ផងដែរ។ ក្រោយហេតុការណ៍ គេឃើញសមត្ថកិច្ចចុះវាស់វែងព្រមទាំងហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តភ្លាមៗផងដែរ៕















មតិយោបល់