ភ្នំពេញៈ លោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
លោក អ៊ី ថាវរៈ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ សូ សុឃន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុបដាក់ពន្ធនាគារ កំណត់រយៈពេល ១១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ក្រោមបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៨៧១.៨០ក្រាម ។ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅម្តុំហាងសាំងសូគីមិច សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមប្បញ្ញត្តិមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទឈ្មោះ សូ សុឃន បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទទួលកញ្ចប់មួយពី ម៉ូយម៉ូតូឌុបរបស់ខ្លួនជាស្ត្រីម្នាក់ ដោយម៉ូយនោះប្រាប់ថា ឲ្យជួយដឹកកញ្ចប់នោះទៅឲ្យភ្ញៀវ នៅម្តុំហាងសាំងសូគីមិច សង្កាត់ទឹកល្អក់២ ដោយសន្យាឲ្យលុយថ្លៃដឹកនោះចំនួន ៥០ដុល្លារ។ ជនជាប់ចោទបានបន្តថា លុះទៅដល់កន្លែងកើតហេតុ ស្រាប់តែមានសមត្ថកិច្ចមកឃាត់ខ្លួន ទើបដឹងថា កញ្ចប់នោះជាគ្រឿងញៀន។
ទោះយ៉ាងណាជនជាប់ចោទឈ្មោះ សូ សុឃន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចប្តឹង ឧទ្ធរណ៍ភ្លាមៗព្រោះ ជនជាប់ចោទយល់ថា ការផ្តន្ទាទោស របស់តុលាការលើរូបគេនេះ មិនមានយុត្តិធម៌ ៕
មតិយោបល់