ព័ត៌មានបច្ចេកវិទ្យា

HP យល់ព្រមទិញអាជីវកម្មម៉ាស៊ីនបោះពុម្ព Samsung ដើម្បីជួយដោះស្រាយបញ្ហា

សេអ៊ូលៈ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថា ខ្លួនបានលក់អាជីវកម្ម​ម៉ាស៊ីនបោះពុម្ព (Printer Business) ទៅឲ្យក្រុមហ៊ុន HP ដោយមិនបានបញ្ជាក់ពីមូលហេតុ ប៉ុន្តែប្រភពជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា អាជីវកម្មមួយនេះ​ ដំណើរការមិនសូវល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន WSJ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា។

យោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរបានឲ្យដឹងថា HP បានយល់ព្រមទិញអាជីវកម្ម​ខាងលើ​ក្នុងតម្លៃ ១.០៥ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលប្រចាំឆ្នាំពី​អាជីវកម្ម​ម៉ាស៊ីនបោះពុម្ព ទទួលបាន ១.៨ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Samsung នឹង​ចែកផ្ដាច់អាជីវកម្ម​ម៉ាស៊ីនបោះពុម្ព នៅថ្ងៃទី០១ ខែវិច្ឆិកា ដោយក្នុងនោះ HP ទទួលបានប៉ាតង់ចំនួន ៦,៥០០ ពីក្រុមហ៊ុន Samsung ពាក់ព័ន្ធនឹងម៉ាស៊ីនបោះពុម្ព ព្រមទាំងទទួល​យក​បុគ្គលិក ១,៣០០នាក់។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងចាប់ដៃ​ដោះស្រាយរឿង Galaxy Note 7 ផ្ទុះឆេះពេលកំពុងសាកថ្ម ដែលបញ្ហានេះ បានធ្វើឲ្យខាតបង់ប្រាក់ប្រមាណ ១ពាន់លានដុល្លារ និងធ្លាក់​ប្រជាប្រិយភាពផងដែរ៕

hp-samsung

មតិយោបល់