ព័ត៌មានជាតិ

ធ្វើការរោងចក្រមិនសូវបានលុយ បែកគំនិតនាំស្ត្រីខ្មែរទៅការប្តីនៅចិន​ ទីបំផុតតុលាការចាប់ចូលក្រចកសេះ

ភ្នំពេញៈ ជនជាប់ចោទឈ្មោះ ហ៊ន់ ប៊ុនណាក់ ហៅ លីហ្សា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាកម្មកររោងចក្រ ត្រូវបានលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសជាសាធារណៈ ពាក់ព័ន្ធនឹងសំណុំរឿង ប៉ុនប៉ងលក់ ដូរមនុស្សសម្រាប់ឆ្លងដែន។

នៅក្នុងសវនាការនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះជនជាប់ចោទឈ្មោះ ហ៊ន់ ប៊ុនណាក់ បានសារភាពថា ខ្លួនបានស្គាល់ឈ្មោះ ឌីណា ជាជនរងគ្រោះ ដោយសារធ្វើការជាមួយគ្នា។ ជនជាប់ចោទបានបន្តថា ជនរងគ្រោះបានសុំឲ្យខ្លួនជួយរកប្តីនៅប្រទេសចិន ទើបខ្លួនបានឲ្យលេខទូរស័ព្ទស្ត្រីម្នាក់ឈ្មោះ ម៉ែ អាអៀក ដែលជារស់នៅក្បែរគ្នា និងមានប្តីនៅប្រទេសចិន ដើម្បីជួយរកប្តីនៅប្រទេសចិនបាន។ ក្រោយមកកន្លះខែឈ្មោះ ឌីណា បានហៅទូរស័ព្ទមកខ្លួនថា រូបគេបានទៅដល់ប្រទេសចិនហើយ។

ជនជាប់ចោទបានបញ្ជាក់ថា ក្រៅពីជងរងគ្រោះឈ្មោះ ឌីណា មានស្ត្រីខ្មែរឈ្មោះ ហែ សុផល ម្នាក់ទៀត ដែលខ្លួនបានជួយឲ្យបានទៅការប្តីនៅប្រទេសចិនតាមរយៈឈ្មោះ ម៉ែ អាអៀក ដែរ។

ជនជាប់ចោទទទួលស្គាល់ថា ខ្លួនធ្លាប់បានទាក់ទងទៅជនជាតិចិន ដែលចង់ប្រពន្ធខ្មែរ ដោយជនជាតិចិននោះសន្យាថា នឹងឲ្យថ្លៃទឹកដោះទៅកូនក្រមុំចំនួន ១០០០ដល្លារ និងឲ្យលុយមកខ្លួនដែលជាអ្នកណែនាំចំនួន៥០០ដុល្លារ។

យោងតាមចម្លើយរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ ហ៊ន់ ប៊ុនណាក់ ហៅ លីហ្សា និងឈ្មោះ ម៉ែ អាអៀក ជាអ្នករៀបចំឯកសារសម្រាប់ឆ្លងដែនផ្សេងៗ ដោយជិះរថយន្តក្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយមានជនជាតិចិនជាកូនកម្លោះមកទទួលធ្វើដំណើរទៅប្រទេសចិនបន្តទៀត។

លោក កុល បុន តំណាងអយ្យការបានរក្សាបទចោទប្រកាន់ឈ្មោះ ហ៊ន់ ប៊នណាក់ ពីបទ អំពើលក់ ដូរមនុស្សសម្រាប់ឆ្លងដែន ប្រព្រឹត្តនៅម្តុំវត្តសន្សុំកុសល់ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ១៦ នៃច្បាប់ស្តីពី ការបង្ក្រាប់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ខាងមុខ៕

https://youtu.be/RXrp0FkMGd0

មតិយោបល់