ព័ត៌មានជាតិ

គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងដាក់ចេញនូវទិសដៅបន្ត

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនិងទិសដៅបន្ត របស់គណ:កម្មការជាតិ ដើម្បីទប់ស្កាត់និ ងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណ:កម្មការជាតិ ព្រមទាំងនាយឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនេះ គឺផ្តោតទៅលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងទៅ ចាប់ពីខែមេសាមកដល់ពេលបច្ចុប្បន្ន និងដាក់ចេញនូវទិសដៅបន្ត ដើម្បីដោះស្រាយ និងពង្រឹងប្រសិទ្ធភាពការងារ ដែលជាបញ្ហាប្រឈម ឬការខ្វះចន្លោះ។

សូមរំឭកផងដែរ គណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ:០៩ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បើគិតមកដល់ពេលនេះរយ:៨ខែ ហើយគណ:កម្មការជាតិ បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបាននូវស្នាដៃជាច្រើនដូចជា បានទប់ស្កា ត់និងបង្ក្រាបអណាធិបតេយ្យកាប់ឈើខុសច្បាប់ស្ទើរទាំងស្រុង ជាមួយគ្នានោះចាប់បានឈើជាង៧ម៉ឺនម៉ែត្រត្រីគុណ ដែលកំពុងរក្សាទុកជូនគណ:កម្មការដេញថ្លៃលក់ឈើ និងកូនឈើ រៀបចំនីតិវិធីដេញថ្លៃជាសាធារណ: តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ:៤៤ សសរ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

ទោះបីជាការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ តាមព័ត៌មានមួយចំនួននៅតែផ្សព្វផ្សាយថា នៅមានការកាប់ឈើ ការដឹកឈើខុសច្បាប់ជាដើម។ល។ នៅក្នុងកិច្ចប្រជុំ លោកអភិបាលនៃគណ:អភិបាលខេត្តមួយចំនួន បានលើកឡើងអំពីបញ្ហាប្រឈមក្នុងការបង្ក្រាបការដឹកឈើខុសច្បាប់នេះ ដោយការដឹកឈើនេះមានលក្ខណ:ជាទ្រុងទ្រាយតូចៗ ដឹកតាមរថយន្តសាំយ៉ុង តាមគោយន្ត ម៉ូតូ… នៅពេលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបអាចមានគ្រោះថ្នាក់ ដោយសារពួកគាត់បើកក្នុងល្បឿនលឿន។ ទន្ទឹមនឹងនោះដែរ ក៏មានឈើមួយចំនួននៅពេលធ្វើការត្រួតពិនិត្យ គឺមានលិខិតអនុញ្ញាតចេញដោយរដ្ឋបាលព្រៃឈើ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចមិនអាចឃាត់បានទេ ព្រោះគណ:កម្មការជាតិបង្ក្រាបតែឈើដែលល្មើសច្បាប់ប៉ុណ្ណោះ។ តាមរបាយការណ៍របស់ខេត្តការបង្ក្រាបចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០១៦ បានបង្ក្រាបការរានដីព្រៃដោយខុសច្បាប់ចំនួន៣ករណី ស្មើនឹងចំនួន២៥ហិចតា និងបង្ក្រាបបទល្មើសការដឹកជញ្ជូនផល អនុផលព្រៃឈើចំនួន២២០ករណី។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ប្រធានគណ:កម្មការជាតិ បានដាក់ចេញនូវវិធានការបន្តដូចខាងក្រោម៖

– បន្តថែរក្សា ការពារឈើនិងកូនឈើដែលចាប់បានកន្លងទៅ ទុកជូនគណ:កម្មការដេញថ្លៃឈើ និងកូនឈើ។

– បន្តធ្វើការស្រាវជ្រាវរកឈ្មួញដែលរកស៊ីឈើខុសច្បាប់។

– បង្កើនការសហការអប់រំដល់ប្រជាពលរដ្ឋដល់ភូមិ ឃុំ ដោយផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីបរិស្ថាន និងអំពីគ្រោះធម្មជាតិបណ្តាលមកពីការបំផ្លិចបំផ្លាញព្រៃឈើ។

– សុំឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានពង្រឹងធ្វើការទប់ស្កាត់ការកាប់ឈើ ដឹកឈើនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

– បន្តយន្តការនិងវិធានការដែលមានស្រាប់ក្នុងផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសពង្រឹងកម្លាំងការពារតាមច្រកព្រំដែនតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា៕

photo_2016-09-13_17-33-30

photo_2016-09-13_17-33-19

photo_2016-09-13_17-33-21

photo_2016-09-13_17-33-22

photo_2016-09-13_17-33-24

photo_2016-09-13_17-33-26

photo_2016-09-13_17-33-28

មតិយោបល់