ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសអ្នកបើកយន្តហោះជនជាតិអាមេរិកម្នាក់ដាក់ពន្ធនាគារ១០ឆ្នាំ រឿងទិញពេស្យាចារកុមារខ្មែរជិត១០នាក់

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិអាមេរិកម្នាក់ដាក់ពន្ធនាគារ១០ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅកុមារីរងគ្រោះចំនួន៦នាក់ក្នុងម្នាក់ៗ៨លានរៀល ក្រោមបទចោទទិញពេស្យាចារកុមារ ប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៣៤នៃច្បាប់ស្ដីពីការបង្គ្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។

ពិរុទ្ធជនមានឈ្មោះ Brian Naswall អាយុ៥៣ឆ្នាំ មានតួនាទីជា នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ អឺរ៉ុប-កម្ពុជា អ៊ែឡាញ (CEO Local Private Airline Euro Cambodia) ជនជាតិអាមេរិក។ ត្រូវបានតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ពាក់ព័ន្ធនឹងអំពើទិញពេស្យាចារកុមារីខ្មែរ និងអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំប្រមាណជាជិត១០នាក់ ដោយទឹកប្រាក់ពី១៥ដុល្លារទៅ២០ដុល្លារ ដើម្បីបានរួមភេទតាមមាត់ជាមួយកុមាររងគ្រោះ នៅផ្ទះរបស់លោក និងនៅតាមទីកន្លែងផ្សេងៗ។

នៅក្នុងសវនាការកាលពីគ្រាកន្លងទៅនោះ ពិរុទ្ធជនរូបនេះបានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

គួររំឮកថា ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ក្នុងក្រុងភ្នំពេញ ក្រោយមកជនជាប់ចោទត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នា៕

មតិយោបល់