ស្វាយរៀងៈ លោក ម៉ែន សារ៉ាន់ ឋានន្តរសក្ដិមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយទាប ជំនួសលោក សំ ថា ដែលត្រូវចូលនិវត្តន៍ ។
ពិធីនេះប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ម៉ែន វិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាព នៅសាលប្រជុំសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោក អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះលោក សំថា ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍ស្រុកស្វាយទាប ឲ្យមានការរីកចម្រើន នាពេលកន្លងមក និងបានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលស្រុក ដែលទើបទទួលបាននូវការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពឯកភាពផ្ទៃក្នុងពង្រឹងរបៀបរបបធ្វើការងាររៀបចំបែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់ និងត្រូវខិតខំប្រឹងប្រែងពង្រឹងកិច្ចសហការដើម្បីធ្វើការអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរតាមរយៈការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិទាំង៩យ៉ាង ឲ្យមានប្រសិទ្ធភាព។
ទន្ទឹមនេះ ក៏ត្រូវជំរុញការងារផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានធ្វើនិងផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងអំឡុងរយៈពេលយុទ្ធនាការ ៣ខែ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ៕





មតិយោបល់