ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនិងវត្ថុតាងថ្នាំញៀន២៣កញ្ចប់ ត្រូវបាននគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលមូលដ្ឋានបឹងកក់ទី២ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០យប់ ថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចប្លុក អតីតរោងចក្រឆ្នាំងក្បែរផ្ទះសំណាក់ស្រែលាភ ផ្លូវ៦០៨ ក្រុម១០៦ ភូមិ២៣ សង្កត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ រស់ វាសនា ហៅ ពេជ្រ ជឺរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវរថភ្លើង ក្រុមទី១០៧ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់ ក្នុងនោះមានតូច២២កញ្ចប់ និងកញ្ចប់ធំចំនួន០១,ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកណូគា N ចុចពិលពណ៌ក្រហម ,កូនកាបូបដៃពណ៌លឿងចាស់ចំនួន០១ និងម៉ូតូចំនួន១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-1483 ។
នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងក្រុមល្បាតសហការជាមួយផ្នែកយុត្តិធម៌ចុះល្បាតក្នុងភូមិសាស្ត្រ លុះបានមកដល់ចំណុចកើតហេតុ ក៏ជួបប្រទះជនសង្ស័យកំពុងឈរលក់គ្រឿងញៀនជាក់ស្តែង ដកហូតបានឃើញគ្រឿងញៀនចំនួន ២២កញ្ចប់តូច និង០១កញ្ចប់ធំ ដែលជនសង្ស័យបានដាក់នៅក្នុងកូនកាបូបដៃពណ៌លឿងចាស់ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាង នាំយកមកអធិការដ្ឋានធ្វើការសាកសួរតែម្តង ។
លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែកញ្ញានេះ កម្លាំងព្រហ្មទណ្ឌនិងនគរបាលមូលដ្ឋាននាំខ្លួនជនសង្ស័យចុះទៅឆែកឆេរនៅផ្ទះជនល្មើស ជាលទ្ធផលមិនបានរកឃើញថ្នាំញៀនទៀតនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យរួម និងថ្នាំញៀនត្រូវបានឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់