ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្បារអំពៅ២ ធ្វើការចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចនៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ប្រាក់ តួ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌សថ្លា ចំនួន ៩កញ្ចប់តូច (សង្ស័យថ្នាំញៀន ) និង ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕


មតិយោបល់