ព័ត៌មានជាតិ

កម្ពុជា​ចាត់ទុក​សភាពការណ៍​នៅ​ថៃ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ​

​ភ្នំពេញ ៖​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ នៅក្នុង​សេចក្តីថ្លែងការណ៍​ដំបូង​បំផុត បន្ទាប់​ពី​រដ្ឋប្រហារ យោធា​នៅ​ប្រទេស​ថៃ​កាលពី ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០១៤ នោះ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​ចាត់ទុក​សភាព ការណ៍​នៅ​ព្រះរាជាណាចក្រ​ថៃ ជា កិច្ចការ ផ្ទៃក្នុង​របស់​ថៃ ហើយ​កម្ពុជា​មិន លូកលាន់​ចូល​កិច្ច ការ​ផ្ទៃក្នុង​របស់​ថៃ​ឡើយ និង​បាន​បញ្ជាក់ថា​កម្ពុជា​មិនមែន ជាទី​តាំង សម្រាប់​ការផ្តល់ ឲ្យ​ប្រទេស​ណាមួយ​បង្កើត​រដ្ឋាភិបាល និរទេស​នៅក្នុង​ប្រទេស​របស់​ខ្លួន​នោះទេ​។​

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ប​រិញ្ញា និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ប្រកាស​ឲ្យ អនុវត្តន៍​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១៤-២០១៨ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ ពេញ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​ឆ្នាំ ២០១៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ​រដ្ឋាភិបាល​ស៊ីវិល ដែល​ចេញពី​ការបោះឆ្នោត ត្រូវ បាន​ផ្តួល​រំលំ និង​កាន់​អំណាច​ដោយ​រដ្ឋាភិបាល​យោធា ។ ច្បាប់ អាជ្ញាសឹក​ត្រូវបាន​ប្រកាសថា ហាម​ការជួបជុំ​ចាប់ពី ៥ នាក់​ឡើង ទៅ ដូចនេះ​ឥរិយាបថ​របស់ យើង​គឺ​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ ។ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ប៉ុន្តែ ដោយសារ ប្រទេស​ថៃ​មាន​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា​នោះ ឥរិយាបថ​របស់​យើង​គឺ​ខិតខំ​ធ្វើ យ៉ាងណា​រក្សា​ទំនាក់ទំនង ធម្មតា​ជាមួយនឹង ព្រះរាជាណាចក្រ​ថៃ មិន​ថា រដ្ឋាភិបាល​ស៊ីវិល ឬ រដ្ឋាភិបាលយោធា​ទេ ព្រោះ​វា​អត់​មាន​ជម្រើស​ណា​ផ្សេង​ឡើយ ។​

​សម្តេច​តេជោ​បាន​ថ្លែងថា ឥឡូវនេះ​រដ្ឋាភិបាល​យោធា​ត្រូវបាន​ព្រះមហាក្សត្រ​ថៃ​ឡាយ ព្រះ​ហស្ថលេខា​ឲ្យ​ដឹកនាំ​ប្រទេស វា​ចប់​ត្រឹម ហ្នឹង វា​ដូចជា​នៅ​កម្ពុជា ដែល​បាន​ប្រជុំ​សភា សភា​បោះឆ្នោត​ហើយ ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​មក​វា​ចប់​ត្រឹម​ប៉ុណ្ណឹង វា​មិន​មាន រឿង អ្វី​លើសពី​ហ្នឹង​ទៀត​ទេ ហើយ​នៅ​ស្រុក​ថៃ​ក៏​អត់​មាន​អ្វី​លើសពី​ហ្នឹង​ដែរ ព្រោះ​ចេញ​ពី​រដ្ឋប្រហារ ក៏​គង់​ព្រះមហាក្សត្រ​ឡាយ ព្រះ ហស្ថលេខា​ឲ្យ​ដឹកនាំ ហើយ​ក៏​យើង​ត្រូវ​តែ​ទាក់ទង​ជាមួយ​គេ ដែល​ជា​ការចៀស​វា​មិន​រួច ។​

​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវ​នេះ​ខុស​ពី​មេដឹកនាំ​នៅ​ទីក្រុង​បាងកក​រាល់ ថ្ងៃ តើ​យើង​ទៅ​ទាក់ទង​ជាមួយ​អ្នកណា ? វា​អត់​មាន​មនុស្ស​ដឹកនាំ​ជាមួយ ធ្វើការ​ជាមួយ ដូច្នេះ បានជា​យើង​ត្រូវធ្វើ​ទំនាក់ទំនង​រឿងនេះ ហើយ​សង្ឃឹមថា អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន និង អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ក៏ដូចជា​គណបក្ស​ភឿ​ថៃ​នឹង​យល់​ទៅដល់​ជំហ​របស់​កម្ពុជា ។​

​ខ្ញុំ​សូម​បញ្ជាក់​នូវ​គោលជំហ​របស់​កម្ពុជា ទាក់ទង​ទៅនឹង​សភាពការណ៍​នៅ​ព្រះរាជាណាចក្រ ថៃ ថា យើង​ត្រូវ​ខិតខំ​ទំ​នាក់ ទំនង រវាង​កងទ័ព និង​កងទ័ព​នៅតាម​បណ្តា​យ​ខ្សែបន្ទាត់​ព្រំដែន នគរបាល​ច្រក អាជ្ញាធរខេត្ត ស្រុក​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ ប្រជា​ពល រដ្ឋ​នៅ​ជាធម្មតា​។​

​នៅក្នុង​សង្កថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការអំពាវនាវ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន និង​កំពុង​ធ្វើ​ការងារ នៅ​ប្រទេស​ថៃ ឬ​ក៏​ចូល​ទៅក្នុង​ប្រទេស​ថៃ ត្រូវ​គោរព​ច្បាប់​របស់ ថៃ ដោយ​មិន​ត្រូវ​ចូលរួម​សកម្មភាព​ណា​គាំទ្រ​ម្ខាង ប្រឆាំង​ម្ខាង​នោះទេ ។​

​ពាក់ព័ន្ធ​ជាមួយ​អត្ថាធិប្បាយ ដែល​ថា​រដ្ឋាភិបាល​ថៃ​ត្រូវបាន​ផ្តូលរំលំ​ត្រៀមបង្កើត​រដ្ឋា​ភិ បាល​និរទេស ហើយ​ក្នុងនោះ កម្ពុជា​អាច ជា​ជម្រើស​មួយ​នៃ​ការជ្រើសរើស​ដាក់​ទីតាំង​រដ្ឋា​ភិ បាល​និរទេស សម្តេច​តេជោ​មានប្រសាស​ន៍​ថា បញ្ហា​នេះ​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិន​បាន​ឃើញ ចេញ​ពី​សំដី​របស់ ថាក់ស៊ីន ឬ យី​ង​ឡាក់ ទេ ក៏​ប៉ុន្តែ​វា​ចេញពី​សំដី​របស់​មេធាវី​របស់​គាត់​គឺ លោក អាំ​ស្ទែ​ដាំ ទៅវិញ ទេ ។ ខ្ញុំ​សូមបញ្ជាក់ថា កម្ពុជា​មិនមែន​ជា​ទីតាំង​សម្រាប់​ការផ្តល់ឲ្យ ប្រទេស​ណាមួយ ឬ​ក្រុម​អ្នកណា​មួយ មិន​ថា​ប្រទេស​ថៃ​ឬ​ប្រទេស​ណា បង្កើត​រដ្ឋាភិបាល​និរ ទេស​នៅក្នុង​ប្រទេស​របស់​ខ្លួន​ទេ ។ រដ្ឋធម្មនុញ្ញ​របស់​នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ក្លាយ​ទៅជា ទីតាំង​ប្រឆាំង នៃ ប្រទេស​ណាមួយ​ទេ គឺ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា​មួយ​យក​ប្រទេស របស់​ខ្លួន​ដាក់​ទីតាំង​បង្កើត​កម្លាំង​ប្រឆាំង នឹង​រដ្ឋាភិបាល ប្រទេស​មួយ​ផ្សេង​ទេ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ផងដែរ ទៅ​ដល់​លោក​មេធាវី អាំ​ស្ទែ​ដាំ ថា គួរតែ ដក​គំនិត​នេះ​ចេញ​ទៅ ព្រោះ​គំនិត​នេះ​នាំ ថាក់ស៊ីន នាំ យី​ង​ឡាក់ នាំ​រដ្ឋាភិបាលភឿថៃ​ទៅរក គ្រោះថ្នាក់​ហើយ ។ អ្នក​ច្បាប់​អន្តរជាតិ ហើយ​ធ្វើ​ជា​មេធាវី​ឲ្យ ថាក់ស៊ីន ឲ្យ​យីង​ឡាក់ បែរជា ផ្តល់​គំនិត​ឲ្យ​រដ្ឋាភិបាល ដែល​ត្រូវ​រំលំ​នេះ​បង្កើត​រដ្ឋាភិបាល​និរទេស ។ សម្តេច ហ៊ុន សែន ថ្លែង ថា ក្នុងឋានៈ​ជា​អ្នកវិភាគ ហើយ​មិនមែន​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្តល់​មេរៀន​នោះ​… ជា​គំនិត​នេះ​បើ​ខ្ញុំ​ជា ថាក់ ស៊ីន ខ្ញុំ​បដិសេធ​ចោល​ភ្លាម បើ​ខ្ញុំ​ជា យី​ង​ឡាក់ ខ្ញុំ​បដិសេធ​ចោល​ភ្លាម តែម្តង ព្រោះ​គំនិត​នេះ​គ្រោះថ្នាក់ ។ បង្កើត​រដ្ឋាភិបាល​និរទេស​តើ​បង្កើត​នៅ​ប្រទេស​ណា ? កម្ពុជា​អត់​ហើយ ប្រទេស​ឡាវ ប្រាប់ថា​អត់ ហើយ​អាស៊ាន​អត់​មាន​ប្រទេស​ណា​ទេ ដូច្នេះ​ទៅ បង្កើត​នៅ​ឯណា ទៅ​បង្កើត​នៅ​ឋាន​ព្រះ​ច័ន្ទ​ឬអ្វី​? ។​

​សម្តេច​តេ​ជោបាន​ពន្យល់​ថា តាម​ធម្មតា​នៅ​ប្រទេស​ថៃ ពេល​មាន​រដ្ឋប្រហារ​គេ​ឃុំ​មេ ដឹកនាំ​មួយ​រយៈ ប៉ុន្តែ​មិនឲ្យ​លើស​ពី ៧ ថ្ងៃ​ទេ បន្ទាប់ពី​នោះ​គេ​អាច​ទៅ​ណា​ក៏​បាន ហើយ​មួយ ឆ្នាំ ពីរ​ឆ្នាំ​ក្រោយមក​គេ​បោះឆ្នោត​ឡើងវិញ ចុះបើ​យើ​បង្កើត​រដ្ឋាភិបាល​និរទេស តើ​អ្នកណា ហ៊ាន​ទទួល បើ​ទីតាំង​អគ្គរដ្ឋទូត​របស់​ប្រទេស​ទាំងអស់​ទំនាក់ទំនង​ជាមួយ​ថៃ​នៅ​ទីក្រុង​បា​ង កក ដូច្នេះ​រដ្ឋាភិបាល​និ រទេស​នៅឯណា ។ អ្នកណា​ក៏​ដោយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង រដ្ឋាភិបាល​និរទេស ធ្វើដំណើរ​ទៅ​ប្រទេស ផ្សេងៗ គេ​អត់​ហ៊ាន ទទួល​ទេ ក្រែងលោ​រដ្ឋាភិបាល បាងកក​ខឹង ។ សម្តេច​តេជោ​បាន​បញ្ជាក់​ជា​ថ្មី​ថា លោក អាំ​ស្ទែ​ដាំ គួរ​ដក​គំនិត​របស់​លោក ចេញទៅ ព្រោះ​ផ្តល់​គំនិត​នេះ​គឺ​ផ្តល់ឲ្យ ថាក់ស៊ីន និង​យី​ង​ឡាក់ ស្លាប់​តែ​ម្តង​៕
c123e047-9756-407c-96b7-26fdb98efb68
​ប្រភព​៖ AKP​

មតិយោបល់