ព័ត៌មានជាតិ

អ្នករកស៊ីដឹក និងបូមខ្សាច់ជាង៥០នាក់ប្រតិកម្ម ចំពោះចំណាត់ការរបស់មន្ទីររ៉ែ និងថាមពល

កំពង់ឆ្នាំងៈ បន្ទាប់ពីមន្ទីររ៉ែ និងថាមពល ដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងម្ចាស់អ្នកម៉ៅការខ្សាច់ម្នាក់ចុះទៅចាប់យកម៉ាស៊ីន និងរថយន្តរបស់ពួកគាត់កាលពីថ្ងៃទិ១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅ រួចមក បានធ្វើឲ្យម្ចាស់រថយន្តដឹកដី និងបូមខ្សាច់លក់ជាលក្ខណៈគ្រួសារប្រមាណជាង៥០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកំពង់ឆ្នាំង វេលាម៉ោង១១និង៣០នាទី ដើម្បីសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយ។

ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកដីខ្សាច់ និងម្ចាស់ម៉ាស៊ីនបូមខ្សាច់ជាច្រើននាក់បានរៀបរាប់ប្រាប់ថាកន្លងមកពួកគាត់រកស៊ីដឹកខ្សាច់ស្ទឹង ខ្សាច់ស្រែលក់ពុំដែលមានបញ្ហាអ្វីឡើយ ដោយពួកគាត់បានបង់ប្រាក់ឲ្យទៅមន្ទីររ៉ែ និងថាមពល ព្រមទាំងអាជ្ញាធរផងដែរ។ ក្រោយពីមានឈ្មួញឈ្មោះ នួន សារ៉ុម បានដឹកខ្សាច់យកមកគរទុកក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចែកចាយ និងមានការត្រូវរ៉ូវជាមួយប្រធានមន្ទីររ៉ែ និងថាមពលរួចមក គេឃើញឈ្មោះ នួន សារ៉ុម នេះបានគំរាមមិនឲ្យប្រជាពលរដ្ឋជាអ្នករកស៊ីដឹកខ្សាច់លក់ចរាចរណ៍នៅក្នុងខេត្តទៀតឡើយ ដោយបានអះអាងថាគេបានដេញថ្លៃផ្តាច់ គឺនៅក្នុងខេត្តកំពង់ឆ្នាំងមានតែ នួន សារ៉ុម មួយគត់ដែលអាចធ្វើអាជីវកម្មដឹកដីខ្សាច់ស្ទឹងបាន។

ក្នុងពេលចុះចាប់ម៉ាស៊ីនបូមខ្សាច់២គ្រឿង និងរថយន្តមួយគ្រឿងនោះ គេក៏ឃើញវត្តមានឈ្មោះ នួន សារ៉ុម ជាឈ្មួញខ្សាច់ដ៏ធំនេះទៅចាប់ជាមួយកងរាជអាវុធហត្ថ និងសាមីមន្ទីរផងដែរ។
កន្លងមកគេដឹងថាឈ្មោះ នួន សារ៉ុម នេះបានរកស៊ីដឹកដីខ្សាច់ពីស្រុកទឹកផុស ដោយបានដាក់ម៉ាស៊ីនបូមខ្សាច់នៅគល់ស្ពានជីប្រ៉ង និងបានបូមខ្សាច់ដោយមិនគិតពីផលប៉ះពាល់ដល់គ្រឹះស្ពាន ឬបរិស្ថាននោះឡើយ ហើយក៏ពុំមានមន្ត្រីមន្ទីររ៉ែ និងថាមពលទៅអើពើក្នុងការបូមខ្សាច់របស់ នួន សារ៉ុម ដែរ។ ម្យ៉ាងវិញទៀតឈ្មួញឈ្មោះ នួន សារ៉ុម នេះបានដឹកខ្សាច់បំផ្លាញផ្លូវជាតិលេខ៥៣ក្នុងស្រុកទឹកផុសជាច្រើនកន្លែង ក៍គ្មានអ្នករករឿងដែរ។

ឈ្មួញ នួន សារ៉ុម ក៏ធ្លាប់ឲ្យអ្នករកស៊ីដឹកខ្សាច់ស្ទឹងទៅទិញពីខ្លួនដែរ ដោយក្នុងមួយរថយន្តកូរ៉េតម្លៃ១០ម៉ឺនរៀល ហើយលក់ចេញវិញបានតែ១១ម៉ឺនរៀលប៉ុណ្ណោះ តែបើពួកគាត់ទៅទិញពីប្រជាពលរដ្ឋនៅក្បែរស្ទឹងវិញ គឺក្នុងមួយរថយន្តតែ៤ម៉ឺនរៀលទេ។
ចំណែកឈ្មួញឈ្មោះ នួន សារ៉ុម វិញបានឆ្លើយប្រាប់ថា គាត់បានទិញសិទ្ធផ្តាច់មុខរកស៊ីដឹកខ្សាច់ស្ទឹងយកមកលក់ក្នុងខេត្តកំពង់ឆ្នាំង ហើយគាត់មានសិទ្ធិចាប់រថយន្តណាដែលហ៊ានដឹកខ្សាច់ចូលក្នុងខេត្តកំពង់ឆ្នាំង។

ដោយឡែកលោក អ៊ុក រស់ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះទៅចាប់យកម៉ាស៊ីនបូមខ្សាច់ និងរថយន្តដឹកខ្សាច់ទាំងនោះមក ក្រោយពីហាមមិនស្តាប់ ព្រោះការធ្វើអាជីវកម្មរបស់ពួកគេប៉ះពាល់ដល់បរិស្ថាន និងបាត់ចំណូលចូលរដ្ឋ។

គេឆ្ងល់ណាស់ថា ពេលឈ្មួញ នួន សារ៉ុម បូមខ្សាច់ជិតគល់ស្ពានជីប្រ៉ង ក្នុងស្រុកទឹកផុស លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលមិនខ្លាចប៉ះពាល់បរិស្ថានទេ?? ឬមួយមានអ្វីបាំងមើលមិនឃើញ?? ស្រាប់តែប្រជាពលរដ្ឋរកស៊ីបូមខ្សាច់ដោយកម្លាំងម៉ាស៊ីនតូចៗ បែរជាប៉ះពាល់បរិស្ថាន ហើយពេលទៅចាប់ ទៅជាមួយឈ្មួញដែលធ្លាប់គំរាមគេថែមទៀត??៕

photo_2016-09-15_21-15-18photo_2016-09-15_21-15-21photo_2016-09-15_21-15-24photo_2016-09-15_21-15-27

មតិយោបល់