ព្រះសីហនុៈ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ លើគ្រែពូកក្នុងបន្ទប់ជួល កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្រុម៩ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ MOHAMMAD JAKIR ALI ភេទ ប្រុស ជនជាតិឥណ្ឌា អាយុ៤៨ឆ្នាំ មុខរបរលក់ មុងភួយ កាន់លិខិតឆ្លងដែនលេខ Z 2160599 មានសុពលភាពដល់ថ្ងៃទី ១៧ មករា ២០២១ ទិដ្ឋាការលេខ EI 00976927 មានសុពលភាពថ្ងៃទី ០២ សីហា ២០១៦ ស្នាក់នៅបន្ទប់ផ្ទះជួលរបស់ឈ្មោះ យឹម ដាឌី ភេទ ប្រុស អាយុ ៦៥ឆ្នាំ ចូលនិវត្តន៍ ។
ប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួល បានឲ្យដឹងថា ជនរងគ្រោះ បានចូលមកស្នាក់នៅបន្ទប់ជួលរបស់គាត់នៅថ្ងៃទី ០១ មករា ២០១៤មកម្ល៉េះ លុះដល់ព្រឹក ថ្ងៃខែឆ្នាំខាងលើ ពេលមិត្តភក្កិមកលេងមិនឃើញជនរងគ្រោះងើប ពេលនោះ មិត្តភក្កិ ក៏ដើរទៅគោះទ្វារ ហើយរួចទាញបង្អួចមើល ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានសហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ ជម្ងឺ គាំងបេះដូង ។ បច្ចុប្បន្ន សាកសព ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូតមកទទួលយកទៅស្រុកកំណើតវិញ ៕
មតិយោបល់